ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានរកឃើញផលិតផល SUPER XL និង AMOUR មានផ្ទុកសារធាតុហាមឃាត់ Sildenafil ធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬឈានដល់ការបាត់បង់អាយុជីវិត។ នេះយោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ កុម្ភៈនេះ ។

ក្រសួងសុខាភិបាល បានជម្រាប ជូនដល់សាធារណជន ទាំងអស់ឱ្យបានជ្រាបថា យោងតាមការស្រាវជ្រាវ របស់ភ្នាក់ងារត្រួត ពិនិត្យឱសថ និងលទ្ធផលរបស់មជ្ឈមណ្ឌលជាតិ ពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល បានរកឃើញថា ផលិតផល ចំនួន០២ មុខ ឈ្មោះ ១.SUPER XL ២.AMOUR ដែលបាន និង កំពុងផ្សព្វផ្សាយ លក់តាមរយៈបណ្តាញទំនាក់ទំនងសង្គម មានផ្ទុកសារធាតុ Sildenafil ដែលជាឱសថប្រើ សម្រាប់វិបត្តិសរីរាង្គភេទបុរស។ ផលវិបាក នៃឱសថនេះ អាចបណ្តាល ឱ្យមានផលប៉ះពាល់ដល់បេះដូង និង គ្រោះថ្នាក់ដល់អាយុជីវិត ជាយថាហេតុទៀតផង។

បន្ទាប់ពីបានធ្វើការស្រាវជ្រាវ មន្ត្រីជំនាញ នៃក្រសួងសុខាភិបាល បានសហការជាមួយអង្គភាព និងអាជ្ញាធរ ពាក់ព័ន្ធ ចុះធ្វើនិយ័តកម្មនៅទីតាំងចំនួន ២ កន្លែង នៅរាជធានី ភ្នំពេញ ដោយបានកសាងសំណុំរឿង បញ្ជូនជនពាក់ព័ន្ធ ទៅតុលាការតាមនីតិវិធីផងដែរ។
ដើម្បីចៀសវាងការប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬឈានដល់ការបាត់បង់ អាយុជីវិត ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការទិញ និងប្រើប្រាស់ផលិតផល SUPER XL និង AMOUR ទាំងនេះជាបន្ទាន់ ។

ទន្ទឹមនេះដែរ ក្រសួងសុខាភិបាល បានជម្រាបជូនថា រាល់ផលិតផល ជំនួយផ្លូវភេទ គ្រប់ប្រភេទ ដែលកំពុងផ្សព្វផ្សាយ លក់តាមប្រព័ន្ធអនឡាញ គឺពុំមានការអនុញ្ញាត ឱ្យធ្វើការផ្សព្វផ្សាយពីក្រសួង សុខាភិបាលនោះទេ ហើយតាមការស្រាវជ្រាវ កន្លងមកភាគច្រើន នៃផលិតផលទាំងនោះ មិនមែនជាផលិតផល បំប៉នសុខភាពនោះទេ គឺជាទូទៅមានដាក់សារ ធាតុឱសថសម័យ ដែលអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព អ្នកប្រើប្រាស់ ឬឈានដល់បាត់បង់អាយុជីវិតទៀតផង។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និង ឈប់ជឿលើការផ្សព្វផ្សាយទាំងនោះទៀត។

ក្រសួងសុខាភិបាល តម្រូវឱ្យបុគ្គល ដែលនៅតែបន្តចែកចាយ ឬលក់ផលិតផលទាំង០២ខាងលើ ឬផលិតផល ជំនួយផ្លូវភេទ គ្មានលេខបញ្ជីកាផ្សេងទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ផលិតផលទាំងនេះជាបន្ទាន់។ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះជនណាដែលបន្តចែកចាយ ឬលក់ផលិតផល ប៉ះពាល់សុខភាពគ្មាន លេខបញ្ជីកាខាងលើ ឬផលិតផលគ្មានលេខបញ្ជីកាផ្សេងទៀត ទៅតាមច្បាប់ ស្តីពីវិសោធន កម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថជាធរមាន ។
ក្រសួងសុខាភិបាល សង្ឃឹមថា ប្រជាពលរដ្ឋ អាជីវករ នឹងចូលរួមសហការ អនុវត្តតាមសេចក្តី ជូនដំណឹងនេះប្រកប ដោយប្រសិទ្ធភាពខ្ពស់៕
