ព័ត៌មានជាតិ

សម្ដេចបវរធិបតី ៖ វិស័យទេសចរណ៍ នៅខេត្តសៀមរាប នាពេលបច្ចុប្បន្ន មានភ្ញៀវទេសចរច្រើន ជារៀងរាល់ថ្ងៃ

ភ្នំពេញ ៖ ថ្លែងចេញពីខេត្តសៀមរាប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា វិស័យទេសចរណ៍នៅខេត្តសៀមរាប នាពេលបច្ចុប្បន្ន កំពុងតែមានស្ថានភាពល្អប្រសើរ ហើយមានភ្ញៀវទេសចរជាច្រើន បានមកលេងកម្សាន្ត នៅលើទឹកដីអង្គរជារៀងរាល់ថ្ងៃ។

នាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភ្ញៀវទេសចរសព្វថ្ងៃអញ្ជើញទៅទស្សនានៅផាប់ស្រ្ទីត និងអង្គរខេត្តសៀមរាប យ៉ាងច្រើនកុះករ ខណៈកំណើន ភ្ញៀទេសចរណ៍ មានការកើនឡើងនេះ ដោយសារកម្ពុជា មាននូវសុខសន្តិភាព។

សម្តេចបវរធិបតី បន្ដថា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី កំពុងប្រែក្លាយរដូវដែលមានភ្ញៀវតិច (Low season) ទៅជា Green season ដែលនៅតែរក្សាចំនួនភ្ញៀវទេសចរ ច្រើនដូច High season។ សម្ដេច ក៏បានចូលរួមអបអរសាទរ ជាមួយអ្នកខេត្តសៀមរាប ដែលភ្ញៀវទេសចរច្រើនរៀងរាល់ថ្ងៃ នៅទឹកដីអង្គរ។

សម្ដេចបវរធិបតី មានប្រសាសន៍ថា «មេឃថ្ងៃនេះត្រជាក់ ទេសចរណ៍ច្រើន ស្ថិរភាព សន្ដិភាពល្អ ហើយអភិបាលខេត្ត បាញ់ឱ្យខ្ញុំរាល់ថ្ងៃ ហើយមួយថ្ងៃៗណែនៗអង្គរ ណែនៗផាប់ស្រ្ទីត នេះសូមអបអរសាទរអ្នកសៀមរាប ។ ឥឡូវ ឯកឧត្តម រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ថ្មី គាត់លែងនិយាយរឿង Low season (ភ្ញៀវតិច) ឈប់ប្រើពាក្យ Low season គឺរដូងប៉ៃតង់។ ចឹងយើងសង្ឃឹមថា នេះជាចលករបន្ថែមទៀត ជាពិសេស សម្រាប់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង ដែលវិស័យទេសចរណ៍នៅទីនេះ គឺពឹងផ្អែកធំ»៕

To Top