ព័ត៌មានជាតិ

៩ថ្ងៃ មន្រ្តីផ្សព្វផ្សាយគោល នយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពជាង ៤ពាន់លើក

ភ្នំពេញ ៖ មរតកគោល នយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល នីតិកាលទី៦ និងដែលត្រូវបាន រាជរដ្ឋាភិបាល នីតិកាលទី៧ បង្កើនការយកចិត្ត ទុកដាក់បំផុតនោះ ត្រូវបានមន្រ្តី និងអាជ្ញាធរគ្រប់ថ្នាក់យក ទៅផ្សព្វផ្សាយយ៉ាងសកម្ម ។

ជាក់ស្ដែង ក្នុងរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ មានប្រជាពលរដ្ឋជាង ២សែននាក់ បានបន្តចូលរួមឈ្វេងយល់គោលនយោបាយនេះ ក្នុងកម្មវិធីផ្សព្វផ្សាយសរុបជាង ៤ពាន់លើកទូទាំងប្រទេស។

លក្ខណៈសម្បត្តិទាំង៧ នៃគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព រួមមាន ១.ការផ្ដល់សេវាសាធារណៈ ២.ទប់ស្កាត់បទល្មើសក្នុងសង្គម ៣.មានសណ្តាប់ធ្នាប់សាធារណៈល្អ ៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ៥.ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ៦.ការងារ អនាម័យនិងបរិស្ថាន ៧.ឆ្លើយតបបានទាន់ ពេលវេលាចំពោះគ្រោះ មហន្តរាយនិងជំងឺរាត ត្បាតកាចសាហាវ ។

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃថ្លែងថា សកម្មភាព នៃការផ្សព្វផ្សាយ គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព តែងតែបានធ្វើឡើង យ៉ាងសកម្មនៅ តាមវេទិកាសាធារណៈ សាលារៀន តាមខ្នងផ្ទះ និងទីសាធារណៈនានា ដែលធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋមាន ការយល់ដឹងកាន់តែច្បាស់ និងជាពិសេសឱ្យពលរដ្ឋ ចេះចូលរួមសហការ ជាមួយអាជ្ញាធរ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងដំណើរការអន្តរាគមន៍ ឱ្យបានលឿន រហ័ស ប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព ជូនប្រជាពលរដ្ឋ ស្របតាមគោលការណ៍ដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ៕

To Top