ព័ត៌មានជាតិ

លោក ឌី វិជ្ជា ឲ្យលោក សម រង្ស៊ីបញ្ឈប់ជាបន្ទាន់ ការបញ្ចេញព័ត៌មានមិនពិត

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង នគរបាលជាតិ បានស្នើឲ្យលោក សម រង្ស៊ីអតីតមេបក្សប្រឆាំង ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការបញ្ចេញព័ត៌មានមិនពិត និងការចោទប្រកាន់គ្មានមូលដ្ឋាន ។

ការលើកឡើងរបស់លោក ឌី វិជ្ជានេះ បន្ទាប់ពីលោក សម រង្ស៊ី បានបង្ហាញនូវព័ត៌មាន មិនពិតជាថ្មីម្តងទៀត ពាក់ព័ន្ធករណីឃាតកម្ម លើលោក លិម គិមយ៉ា អតីតមន្រ្តី នៃអតីតគណបក្សសង្គ្រោះជាតិ និងករណីឃាតកម្មលើលោក ហុក ឡង់ឌី ដែលជាឪពុកបង្កើត របស់លោកឌី វិជ្ជា ក្រោយពីទូតបារាំង បានជួបលោក ឌី វិជ្ជា ។

លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានលើកឡើងក្នុងបណ្តាញ សង្គមហ្វេសប៊ុកតបទៅលោក សម រង្ស៊ីថា “ជូនលោក សម រង្ស៊ី សូមបញ្ឈប់ជាបន្ទាន់នូវការបញ្ចេញព័ត៌មានមិនពិត និងការចោទប្រកាន់គ្មានមូលដ្ឋាន ដោយបំភ្លៃក្នុងចេតនាកខ្វក់អាក្រក់ ដើម្បីបំភាន់សាធារណជន និង ទម្លាក់កំហុសជារឿយៗ មកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល របស់យើងខ្ញុំ” ។

លោកបន្តថា កម្ពុជាមានច្បាប់ទម្លាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីមួយស្រេច តែការនឹកឃើញនោះទេ ដូច្នេះសូមលោក សម រង្ស៊ីល្មមៗ បានហើយ កុំចេះតែបញ្ចេញអ្វី តាមការនឹកឃើញរបស់ខ្លួន ។

សូមបញ្ជាក់ថា តាមសំណេររបស់លោក សម រង្ស៊ី ក្នុងហ្វេសប៊ុក បានឲ្យដឹងថា “អគ្គរាជទូតបារាំងបានសួរទៅ លោក ឌី វិជ្ជា ថា ម៉េចហើយចាប់ ពេជ្រ គឹមស្រ៊ុន និង លី រតនៈរស្មី បានហើយឬនៅ? ឌី វិជ្ជា លោកគួរតែសហការជាមួយបារាំង ដើម្បីវែកបង្ហាញមុខ រកឃាតករពិតប្រាកដ៏ នៅពីក្រោយឃាតកម្មលោក លឹម គឹមយ៉ា” ។ ជាមួយគ្នានេះដែរ លោក សម រង្ស៊ី ក៏បានភ្ជាប់ករណីស្លាប់ របស់លោក ហុក ឡង់ឌី ផងដែរ។

បើតាមហ្វេសប៊ុករបស់ស្ថានទូតបារាំង ប្រចាំកម្ពុជា កាលពីថ្ងៃ២៤ កុម្ភៈបានបង្ហាញថា លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានជួបជាមួយលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង នគរបាលជាតិ ដើម្បីពិភាក្សាគ្នាអំពីវិធានការធ្វើឡើង ដោយអាជ្ញាធរកម្ពុជា ក្នុងក្របខ័ណ្ឌ នៃការស៊ើបអង្កេត របស់ប្រទេសថៃ ជុំវិញឃាតកម្មលើពលរដ្ឋបារាំង លោក លឹម គឹមយ៉ា ៕

To Top