ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងទូតដាណឺម៉ាក ជួបពិភាក្សាគ្នាជុំវិញ វិស័យដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ

ភ្នំពេញ ៖ នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យ លោកDanny Annan ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រដាណឺម៉ាក ប្រចាំព្រះរាជាណាចក្រកម្ពុជា មាននិវេសនដ្ឋាននៅក្នុងរាជធានីបាងកក ព្រះរាជាណាចក្រថៃ ដឹកនាំគណៈប្រតិភូអមដំណើរចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនាព្រឹកនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីពិភាក្សាអំពី គោលនយោបាយ ក៏ដូចជាផែនការយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ដោយផ្តោតជាពិសេសលើការស្វែងយល់អំពី សក្តានុពលនៃការអភិវឌ្ឍពង្រីកសមត្ថភាព និងវិសាលភាពកំពង់ផែទឹកជ្រៅរបស់កម្ពុជា។

លើកឡើងក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបអំពីការរីកចម្រើន លើការ អភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ព្រមទាំងការពង្រីក សមត្ថភាព និងវិសាលភាពរបស់កំពង់ផែ នៅតាមបណ្តា ខេត្តជាប់សមុទ្រ មានជាអាទិ៍ ខេត្តព្រះសីហនុ កំពត និងកោះកុង ដែលទាំងអស់នោះ បានស្តែងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាល តាំងពីនីតិកាលមុនៗ រហូតមកដល់បច្ចុប្បន្ន ពាក់ព័ន្ធនឹងការរៀបចំផែនការ យុទ្ធសាស្រ្ត និងការដាក់ចេញ នូវគោលនយោបាយនានា។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីគម្រោង ព្រែកជីកហ្វូណនតេជោ ដែលនឹងចូលរួមលើកកម្ពស់ភាព ប្រទាក់ក្រឡាក្នុង ការដឹកជញ្ជូនតាមផ្លូវទឹក ឱ្យកាន់តែមានភាពសម្បូរបែប និងមានភាពប្រកួតប្រជែងខ្ពស់ ។
បន្ទាប់ពីបានស្តាប់ប្រសាសន៍ លើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី គណៈប្រតិភូអមដំណើរ លោកឯកអគ្គរាជទូត បានសម្តែងនូវចំណាប់ អារម្មណ៍ខ្ពស់ចំពោះការយកចិត្តទុកដាក់ របស់ប្រមុខរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យទាំងនេះ ជាមួយនឹងសមិទ្ធផលជារូបវ័ន្ត ដែលកើនឡើងគួរឱ្យកត់សម្គាល់ នាពេលបច្ចុប្បន្ន។

តាមរយៈព័ត៌មានយ៉ាងក្បោះក្បាយក្នុងជំនួបពិភាក្សានាព្រឹកនេះដែរ គណៈប្រតិភូនឹងនាំយកជាមូលដ្ឋានបន្ថែមក្នុងការវិភាគ ពិនិត្យលទ្ធភាព មុននឹងឈានដល់ការសម្រេចចិត្តវិនិយោគក្នុងផ្នែកណាមួយនាពេលខាងមុខ។

ជាកិច្ចបញ្ចប់ជំនួបពិភាក្សា លោកឧបនាយករដ្ឋមន្ត្រី ក៏ដូចជា លោកឯកអគ្គរាជទូត បានសម្តែងនូវសុឆន្ទៈរួមក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពការទូតរវាងព្រះរាជាណាចក្រទាំងពីរ កម្ពុជា-ដាណឺម៉ាក ឱ្យកាន់តែរឹងមាំ និងល្អប្រសើរបន្ថែមមួយកម្រិតទៀត៕

To Top