ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី Zhang Min អភិបាលរងខេត្តហឺណាន នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីសន្និសីទផ្សព្វផ្សាយ ស្តីពីទេសចរណ៍ និងវប្បធម៌ ចិន-កម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយ សក្តានុពលទេសចរណ៍នៃប្រទេសទាំងពីរ ។

សន្និសីទផ្សព្វផ្សាយ ស្តីពីទេសចរណ៍ និងវប្បធម៌ ចិន-កម្ពុជា នេះដែល ក៏ជាផ្នែកមួយនៃការភ្ជាប់បណ្តាញធុរកិច្ចទេសចរណ៍ រវាងវិនិយោគិន និងប្រតិបត្តិករទេសចរណ៍នៃប្រទេសទាំងពីរ ឱ្យមានឱកាសភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយគ្នា ព្រមទាំងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជនផងដែរ។

ក្នុងឱកាសនោះដែរ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយគណៈអធិបតី ក៏បានអញ្ជើញទស្សនាស្តង់ពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបី ចិន-កម្ពុជា និងផ្សព្វផ្សាយទេសចរណ៍រួមគ្នា (បរិវេណខាងក្រៅ និងខាងក្នុងសណ្ឋាគារ) ដើម្បីជាឱកាសដល់ការបង្ហាញ ពីសក្តានុពលទេសចរណ៍នៃប្រទេសទាំងពីរ និងទាក់ទាញដល់ការវិនិយោគលើវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរ រួមជាមួយវិនិយោគិន និងប្រតិបត្តិករទេសចរណ៍នៃប្រទេសទាំងពីរ ដែលចូលរួមក្នុងសន្និសីទនេះ នឹងមានឱកាសភ្ជាប់ទំនាក់ទំនងរវាងគ្នា បង្កើតឱកាសវិនិយោគ និងតភ្ជាប់បណ្តាញធុរកិច្ចរវាងគ្នាផងដែរ៕












