ភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ដោយនាំយកក្រុមហ៊ុនធំៗ ចំនួន១០ ដើម្បីផ្តល់ឱកាសការងារថ្មី បន្ថែមទៀតចំនួន១៥៣៦ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ។

ក្រុមហ៊ុនធំៗទាំង១០ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ មានដូចជា ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍ (ខេមបូឌា) ម.ក, ក្រុមហ៊ុន ត្រាំ ហ្វីតនេស ឯ.ក , ក្រុមហ៊ុនហ្គោលហ្វាយនេនសល់គ្លូប៊លអ៊ិនវេសម៉ិន, ក្រុមហ៊ុន ក្រៀលកម្ពុជា, ក្រុមហ៊ុន Mengly J Quach Education Plc, ក្រុមហ៊ុន ហ៊ួស៊ីន អ៊ិនធើណេសិនណល ស្គូល(ខេមបូឌា), ក្រុមហ៊ុន ICE Electronics ,គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, ក្រុមហ៊ុន អាយឃែរ ល៉ីស៊ីង, ក្រុមហ៊ុន មីស្ទីន (ខេមបូឌា) MISTINE (CAMBODIA), ក្រុមហ៊ុន អេ ជី ប៊ី ខនសាល់ធីង ឯ.ក។

លោក ហេម ប៊ុណ្ណារិទ្ធិ មន្ត្រីជ្រើសរើសបុគ្គលិក ជាន់ខ្ពស់ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK លើកឡើងថា AMK នឹងនាំយកនូវឱកាសការងារ ជាច្រើនមុខតំណែងនៅថ្ងៃទី២៧ ខាងមុខនេះ ដែលក្នុងនោះមានទាំងត្រូវការបទពិសោធន៍ និងមិនត្រូវការបទពិសោធន៍ ។
មន្ត្រីជ្រើសរើសបុគ្គលិកជាន់ខ្ពស់រូបនេះ ក៏បានអំពាវនាវដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ សូមយកប្រវត្តិរូបសង្ខេប (CV) ដើម្បីដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ AMK និងតំណាងក្រុមហ៊ុនដទៃទៀតបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕











