ឃុនមីង ៖ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន ប្រទេសចិន លោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យចិន ដែលបាន យកចិត្តទុក ដាក់ជួយព្យាបាលកុមារកម្ពុជា ចំនួន៥រូប ដែលបានទៅទទួលការវះកាត់ និងព្យាបាលជំងឺបេះដូងពីកំណើត ។

ក្នុងពេលជជែកជាមួយគណៈគ្រប់គ្រងមន្ទីរពេទ្យបេះដូង Fuwai លោកអភិបាលរង បានគូសបញ្ជាក់ពីការគាំទ្រ និងកិច្ចសម្របសម្រួល របស់សមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាព កម្ពុជា-ចិន និងអង្គការ YUNDI ដែល ចាប់ពី ឆ្នាំ២០១៩ មកបានសហការយ៉ាងជិតស្និទ្ធ ជាមួយអង្គពាក់ព័ន្ធនានាក្រោម កិច្ចសម្របសម្រួលពី រដ្ឋបាលសាលាខេត្តសៀមរាប និងស្ថានទូតចិនប្រចាំកម្ពុជា ក្នុងការចុះពិនិត្យសុខភាព កុមារនៅក្នុងស្រុកបន្ទាយស្រី និងបានគាំទ្រដល់ការបញ្ជូនកុមារ ដែលត្រូវបានក្រុមគ្រូពេទ្យកម្ពុជា-ចិន រកឃើញថាមានជំងឺបេះដូង ពីកំណើតយកមកវះកាត់ និងព្យាបាលនៅប្រទេសចិន។

ដោយឡែកនាដើមឆ្នាំ២០២៥នេះ ក្រោមការចង្អុលបង្ហាញពី លោក ថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុកបន្ទាយស្រី និងលោក រិន ឡូត អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី ទើបលោក ងន ប៊ុនធី ទទួលភារៈដឹកនាំកុមារី ចំនួន២រូបមកទទួលការវះកាត់ និងព្យាបាលជំងឺបេះដូង ពីកំណើតនៅប្រទេសចិន ។

លោកអភិបាលរង បានរំលេចនូវការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់លោក ថាប់ សារ៉ន និងលោក រិន ឡូត ដែលតាមរយៈប្រព័ន្ធទូរស័ព្ទបានទាក់ទងមកសួរសុខទុក្ខ ដល់ក្រុមគ្រួសារកុមារ ២រូបថែមទៀតផង ។
ក្នុងសេចក្តីរំភើបរីករាយ ជាមួយក្រុមគ្រួសារ កុមារទាំង៥រូបនេះ លោកអភិបាលរងស្រុកបន្ទាយស្រី បានថ្លែងអំណរគុណ ជាពន់ពេកដល់ឯកឧត្តម ឡាវ វ៉ាន់ និង លោកជំទាវ ជឹង សុគន្ធាវី ដែលជានិច្ចកាលបានជ្រោមជ្រែង ផ្តល់ថវិកា ជួយរៀបចំលិខិតឆ្លងដែន ទិដ្ឋាការ សំបុត្រយន្តហោះ ការស្នាក់នៅ ការហូបចុក និងប្រាក់ហោប៉ៅ ដែលជាកម្លាំង ចលករដ៏សំខាន់ក្នុងការជួយស្រោចស្រង់ អាយុជីវិតរបស់កុមារ ទាំង៥រូបនេះឱ្យជាសះស្បើយ និងទទួលបានសុខភាពល្អ ដែលនេះជាក្តី បំណងប្រាថ្នា របស់យើងទាំងអស់គ្នា ។

គួរបញ្ជាក់ផងដែរថា គិតចាប់ពីឆ្នាំ២០១៨មក ដោយមានការ សម្របសម្រួលពីលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគម អ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន ទើបកុមារចំនួន១១៧រូប ដែលក្នុងនោះមាន ៥រូបរស់ នៅក្នុងស្រុកបន្ទាយស្រី បានជាសះស្បើយ ទាំងស្រុងពីជំងឺបេះដូង ពីកំណើតតាម រយៈការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃ ពីមន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន ប្រទេសចិន។ សមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន និង អង្គការYUNDI នឹងបន្តជាស្ពានដ៏ប្រសើរ ក្នុងការជួយ ព្យាបាលដល់ កុមារកម្ពុជា ដែលមានជំងឺបេះដូង ពីកំណើត៕


