កំពង់ស្ពឺ ៖ ក្រោយមានការណែនាំ ពីអាជ្ញាធរក្រុងច្បារមនជាលើកទី២ អាជីវករដែលលក់ដូរ នៅក្នុងផ្សារកញ្ច្រែងមាត់ បានសម្រេចចាកចេញ ដោយស្ម័គ្រចិត្ត ដើម្បីទុកទីតាំងមាត់ស្ទឹង ឱ្យអាជ្ញាធរ ខេត្តរៀបចំសួនច្បារ និងដាំដើមត្នោត ។ នេះបើយោងតាមការលើកឡើង របស់លោក ទឹម ផានូ អភិបាលក្រុងច្បារមន ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសចុះពិនិត្យ និងរុះរើសំណង់សេសសល់ ។

លោក ទឹម ផានូ បានលើកឡើងថា អាជីវករបានចាកចេញ ដោយស្ម័គ្រចិត្ត និងខ្លះបានរុះរើសំណង់ដោយខ្លួនឯង ហើយខ្លះក៏ទុកសំណង់ចោល ដើម្បីឱ្យក្រុមការងារក្រុងជាអ្នករុះរើ ។ ជំហានដំបូងគឺអាជ្ញាធរ ត្រូវរុះរើនិងបើកការដ្ឋាន ឈួសឆាយដើម្បីរៀបចំជាសួនច្បារ ដាំដើមត្នោតឱ្យដូចទៅ និងមាត់ស្ទឹងមុខសាលាខេត្ត ។ ហើយបន្ទាប់ អាជ្ញាធរក្រុងច្បារមន និងចុះចាត់វិធានការ ចំពោះម្ចាស់ផ្ទះដែលអនុញ្ញាតនិងជួលមុខផ្ទះឱ្យទៅអាជីវករលក់ដូរលើដីរដ្ឋ ឬដីសាធារណៈរបស់រដ្ឋបង្ក ភាពអាណាធិបតេយ្យ តែក្នុងនោះលោក ក៏បានបញ្ជាក់ផងដែរថា បើការលក់ដូរស្ថិត នៅក្នុងផ្ទះរបស់ខ្លួន មិនហៀរមកខាងក្រៅនោះមិនអីទេ ។

អភិបាលក្រុងច្បារមនបានបន្ថែមថា ចំពោះអាជីវករ ដែលលក់ដូរនៅចំនុចរង្វង់ដើមលាភ អាជ្ញាធរនិងចុះណែនាំ ពីការមិនអនុញ្ញាត ឱ្យលក់បន្ត ហើយត្រូវរើទៅកាន់ទីតាំងថ្មី ដែលអាជ្ញាធរខេត្ត និងក្រុងបានរៀបចំជាស្រេច ។ រង្វង់មូលដើមលាភនេះ អាជ្ញាធរនិងធ្វើការរៀបចំឱ្យក្លាយ ជាសួនប្រណិតមួយ ដែលចូលរួមលើកកម្ពស់សោភ័ណភាព និងមុខមាត់ខេត្តបានមួយកម្រិត ទន្ទឹមនោះក៏រៀបចំទីតាំងរង្វង់មូលនេះ ឱ្យជាផ្លូវតែមួយ(one way)ជុំវិញផ្សារកំពង់ស្ពឺ ដើម្បីកាត់បន្ថយការមម៉ាញ៉ឹក និងកកស្ទះចរាចរណ៍ ។
លោក ទឹម ផានូ ក៏បានដាក់ការរំពឹងថា បងប្អូនប្រជាពលរដ្ឋដែលមានផ្ទះ ស្ថិតនៅទីតាំងខាងលើនិងអាជីវករ ដែលបាននិងកំពុងលក់ដូរ លើសួនដើមលាភចូលរួមជាមួយអាជ្ញាធរ ដើម្បីផ្តល់លទ្ធភាពឱ្យក្រុមការងារ អាចធ្វើការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងសោភ័ណភាពក្រុង ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។

សូមបញ្ជាក់ថា អាជ្ញាធរបានរៀបចំទីតាំងផ្សារថ្មី សម្រាប់អាជីវករ ដែលរើពីផ្សារមាត់ស្ទឹង និងរង្វង់មូលដើមលាភ ដោយមិនការយកថ្លៃ តូបរហូតដល់រយៈពេល២ឆ្នាំ ដើម្បីសម្រួលដល់ជីវភាព របស់បងប្អូន ៕
ដោយ៖ សុខ សុភ័ណ្ឌ រូបថតមជ្ឈមណ្ឌលដើមអំពិល
