ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា តែងតាំងថ្មី ប្រចាំនៅកម្ពុជា ។

ជំនួបដែលធ្វើឡើង នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ គឺដើម្បីបញ្ជាក់នូវទំនាក់ទំនង ការទូតរវាងប្រទេសកម្ពុជា និងឥណ្ឌា និងដើម្បីស្វែងយល់អំពី វិស័យសក្តានុពល របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។

លោក ហេង សួរ បានសម្តែងការអបអរសាទរ ចំពោះ លោក Vanlalvawna Bawitlung ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា។ ទន្ទឹមនេះ លោករដ្ឋមន្ត្រី រំពឹងថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឥណ្ឌានឹងកាន់តែត្រូវបានពង្រឹង និងពង្រីកលើវិស័យជាច្រើន ជាពិសេសលើការអភិវឌ្ឍ ធនធានមនុស្ស និងវិស័យ TVET របស់កម្ពុជា ។ ក្នុងន័យនេះ លោក ហេង សួរ បានបញ្ជាក់ការស្វាគមន៍ ក្នុងការបង្កើតឱ្យមាន កិច្ចសហប្រតិបត្តិការ រវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសរបស់ឥណ្ឌា ជាមួយគ្រឹះស្ថាន TVET របស់កម្ពុជា ដែលនឹងជួយ អភិវឌ្ឍធនធានមនុស្ស និងកម្លាំងពលកម្មជំនាញ ដែលទទួលស្គាល់ រវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប លោក Vanlalvawna Bawitlung បានបង្ហាញការគាំទ្រ ចំពោះគំនិតផ្តួចផ្តើមរបស់លោក ហេង សួរ ក្នុងការបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យ TVET រវាងប្រទេសឥណ្ឌាជាមួយកម្ពុជា។ ទន្ទឹមនេះ លោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងថា កម្ពុជាមានសក្តានុពល លើវិស័យជាច្រើន ដែលនឹងអាចជំរុញ ដល់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង រវាងឥណ្ឌា និងកម្ពុជា កាន់តែស៊ីជម្រៅថែមទៀត៕








