ព័ត៌មានជាតិ

លោក ត្រាំ ថាលោក ពូទីន បានប្រព្រឹត្តចំពោះលោកដោយ ការគោរពដ៏ខ្ពង់ខ្ពស់ ហើយរុស្ស៊ី មានបំណងច្បាស់លាស់ ក្នុងការបញ្ចប់ជម្លោះអ៊ុយក្រែន

RT News

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រព្រឹត្តចំពោះលោកដោយ “ការគោរពដ៏ខ្ពង់ខ្ពស់” ក្នុងអំឡុងពេលហៅទូរស័ព្ទជាមួយគ្នាកាលពីដើមខែនេះ។ យោងតាមលោក ត្រាំ លោក ពូទីន បានបង្ហាញនូវបំណងច្បាស់លាស់ ក្នុងការបញ្ចប់ជម្លោះអ៊ុយក្រែន និងធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ ឱ្យមានលក្ខណៈធម្មតា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលភាគច្រើនមិនមានអស់ជាច្រើនឆ្នាំ បានកើនឡើងកាន់តែខ្លាំងចាប់តាំងពីលោក ត្រាំ ត្រូវបានចូលកាន់តំណែងកាលពីថ្ងៃទី ២០ ខែមករា។ ការហៅទូរស័ព្ទរវាងលោក ត្រាំ និងលោក ពូទីន កាលពីថ្ងៃទី ១២ ខែកុម្ភៈ ត្រូវបានបន្តដោយការពិភាក្សាកម្រិតខ្ពស់រវាងរុស្ស៊ី និងសហរដ្ឋអាមេរិកនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីសប្តាហ៍មុន។ លោក ពូទីន បានពណ៌នាការពិភាក្សាថា ជា “ជំហានដំបូង” ឆ្ពោះទៅរកការធ្វើឱ្យទំនាក់ទំនងមានលក្ខណៈធម្មតា ដែលជាទស្សនៈរបស់លោក ត្រាំ បានបន្ទរកាលពីថ្ងៃចន្ទ។

លោក ត្រាំ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានាធិបតីបារាំង Emmanuel Macron នៅសេតវិមានថា “មុនពេលដែលខ្ញុំមកទីនេះ មិនមានការប្រាស្រ័យទាក់ទងជាមួយរុស្ស៊ីអ្វីទាំងអស់… ប៉ុន្តែនៅពេលដែលខ្ញុំមកដល់ទីនេះ ការហៅទូរស័ព្ទដំបូងមួយដែលខ្ញុំបានធ្វើគឺទៅកាន់ប្រធានាធិបតីពូទីន ហើយយើងត្រូវបានគេគោរពយ៉ាងជ្រាលជ្រៅ។ ពួកគេចង់បញ្ចប់សង្គ្រាមនេះ ដូច្នេះវាជារឿងដ៏ធំមួយ» ។

ក្រោយមកលោក ដូណាល់ ត្រាំ បានពង្រឹងជំហររបស់លោកនៅក្នុងការប្រកាសនៅលើ Truth Social ថា “ខ្ញុំកំពុងពិភាក្សាយ៉ាងម៉ឺងម៉ាត់ជាមួយប្រធានាធិបតី វ្លាឌីមៀ ពូទីន នៃប្រទេសរុស្ស៊ី ទាក់ទងនឹងការបញ្ចប់សង្រ្គាម ហើយក៏ជាប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសំខាន់ៗ ដែលនឹងកើតឡើងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីផងដែរ។ ការពិភាក្សាកំពុងដំណើរការយ៉ាងល្អ!»៕

ប្រែសម្រួលៈ ណៃ តុលា

To Top