ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតថ្មីស្រីលង្កា ប្ដេជ្ញាពង្រឹងទំនាក់ទំនង ប្រទេសស្រីលង្កា-កម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រី វីចាយ៉ានធី អេឌីរីស៊ីងហេ(Wijayanthi Edirisinghe), ឯកអគ្គរដ្ឋទូតថ្មីស្រីលង្កា ប្រចាំកម្ពុជា បានប្ដេជ្ញាពង្រឹងទំនាក់ទំនងប្រទេសស្រីលង្កា-កម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត ។

ក្នុងឱកាសនៃជំនួប លោកស្រី វីចាយ៉ានធី អេឌីរីស៊ីងហេ បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមប្រធានាធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីស្រីលង្កា ជូនចំពោះសម្ដេចបវរធិបតី ។

លោកស្រី ក៏បានសម្ដែងនូវការពេញចិត្ត និងបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងដ៏យូរអង្វែងស្រីលង្កា-កម្ពុជា ព្រមទាំងបានគូសបញ្ជាក់ ពីការប្ដេជ្ញាចិត្ត ក្នុងការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន នៅក្នុងអាណត្តិការទូតរបស់លោកជំទាវ ជាពិសេសការជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា៖ ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ និងទេសចរណ៍ ជាដេីម។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរ លោកស្រី ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

សម្ដេចបវរធិបតី បានបង្ហាញនូវជំនឿជឿជាក់ថា នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ លោកស្រី ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែត្រូវបានលើកកម្ពស់ឱ្យកាន់តែរីកចម្រើនថែមទៀត។

សម្ដេចបវរធិបតី បានបន្ថែមទៀតថា កម្ពុជា-ស្រីលង្កា មានទំនាក់ទំនងជាយូរណាស់មកហើយ មានជំនឿសាសនា ប្រហាក់ប្រហែលគ្នា ហើយប្រទេសទាំងពីរ នៅមានសក្ដានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀត ក្នុងនោះមាន វិស័យអប់រំ និងទេសចរណ៍បែបសាសនាជាដើម។

សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យលោកស្រី បន្តធ្វើការឱ្យជិតស្និទ្ធជាមួយក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា និងជំរុញការផ្សារភ្ជាប់ទំនាក់ទំនង បន្ថែមទៀតជាមួយវិស័យឯកជននៃប្រទេសទាំងពីរ ៕

To Top