ភ្នំពេញ៖ លោក Mehmet CELEPOGLU អនុប្រធានក្រុមហ៊ុន Total Energies ប្រចាំតំបន់អូសេអានី និងអាស៊ីអាគ្នេយ៍ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន អំពីការដាក់ចេញនូវគោលនយោបាយ និងគំនិតផ្ដួចផ្ដើមដ៏ល្អជាច្រើនរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចធិបតី ពិសេសលើការកែទម្រង់ពន្ធដា ដែលជាកម្មវិធីកែទម្រង់គាំទ្រ ដល់ការប្រកួតប្រជែង ប្រកបដោយតម្លាភាព ។
ការបង្ហាញចំណាប់អារម្មណ៍របស់អនុប្រធានក្រុមហ៊ុន Total Energies ខាងលើនេះ ធ្វើឡើងក្នុងឱកាសចូលជួបសម្ដែងការគួរសម ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានសន្ដិភាព ។
ក្នុងជំនួបនេះ លោក Mehmet CELEPOGLU បានគោរពជម្រាបជូនសម្ដេចធិបតី អំពីប្រតិបតិ្តការអាជីវកម្មរបស់ក្រុមហ៊ុន TotalEnergies អន្តរជាតិ និងដំណើរការអាជីវកម្ម និងចក្ខុវិស័យនាពេលអនាគត ប្រកបដោយភាពវិជ្ជមាន របស់ក្រុមហ៊ុន TotalEnergies នៅកម្ពុជា។
បន្ថែមលើនេះ លោក Mehmet CELEPOGLU ក៏បានវាយតម្លៃជាវិជ្ជមាន ចំពោះស្ថានភាពវិនិយោគនៅកម្ពុជា និងបង្ហាញពីចំណាប់អារម្មណ៍ អំពីការដាក់ចេញនូវគោលនយោបាយ និងគំនិតផ្ដួចផ្ដើមដ៏ល្អជាច្រើនរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចធិបតី ពិសេសលើការកែទម្រង់ពន្ធដា ដែលជាកម្មវិធីកែទម្រង់គាំទ្រ ដល់ការប្រកួតប្រជែង ប្រកបដោយតម្លាភាព និងស្មើភាព។
ជាការឆ្លើយតប សម្ដេចធិបតី ស្វាគមន៍លោក Mehmet CELEPOGLU ដែលបានមកបំពេញទស្សនកិច្ចការងារ នៅកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន TotalEnergies ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា។
សម្ដេចធិបតី បានគូសបញ្ជាក់ពីការដាក់ចេញ នូវគោលនយោបាយទាក់ទាញការវិនិយោគ និងការលើកទឹកចិត្តផ្សេងៗ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល។
ក្នុងនោះផងដែរ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា កត្តាទាំងនេះគឺជាកិច្ចការចាំបាច់ របស់រាជរដ្ឋាភិបាល ដែលចាំបាច់ត្រូវតែធានានូវបរិយាកាសវិនិយោគមួយ ដែលអំណោយផលសម្រាប់វិនិយោគិន ការធានានូវភាពជោគជ័យ និងការលើកទឹកចិត្តដល់វិនិយោគិន ដែលកំពុងវិនិយោគនៅកម្ពុជា ក៏ដូចជាធានា និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ។
សម្ដេចធិបតី បានលើកទឹកចិត្តដល់ក្រុមហ៊ុន TotalEnergies បន្តផ្សារភ្ជាប់ទំនាក់ទំនង និងធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីភាពជោគជ័យបន្ថែមទៀត របស់ក្រុមហ៊ុន និងការដោះស្រាយបញ្ហាប្រឈមនានា របស់ក្រុមហ៊ុន៕






