ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាមនិងពុទ្ធសាសនា”

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួម ជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកកិច្ច ប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាមនិងពុទ្ធសាសនា” រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម (MWL) នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានដឹកនាំប្រទេសជាតិ ចេញពីបាតដៃទទេ គំនរផេះផង់ ដោយ សារសង្គ្រាមរាំរ៉ៃជិត៣ទសវត្សរ៍ រហូតទទួលបាន នូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យ ជាពិសេសបានផ្តល់ ជូនបងប្អូនសាសនិកឥស្លាម នូវសិទ្ធិសេរីភាពពេញទី ខាងជំនឿសាសនា និងគោលនយោបាយជាច្រើន ដែលនាំឱ្យសហគមន៍ខ្មែរឥស្លាម មានការរីកចម្រើនយ៉ាងឆាប់រហ័ស ដូចនឹងប្រជាជនទូទៅ ដែលកាន់សាសនាព្រះពុទ្ធ និងសាសនាផ្សេងៗ ។

សាសនិកឥស្លាមគ្រប់រូប នៅតែចងចាំជានិច្ចថា អ្វីដែលមនុស្សក្នុងសង្គមត្រូវការមុនគេ គឺសុខសន្តិភាព ទើបមានការអភិវឌ្ឍរីកចំរើនកើនឡើងទៅបាន និងមានអ្វីៗកើតមានមកជាបន្តបន្ទាប់ទៀត ហើយក៏នៅតែចងចាំថា សុខសន្តិភាព ដែលកម្ពុជាមានសព្វថ្ងៃនេះ មិនមែនបានមកដោយចៃដន្យនោះទេ គឺបានមកដោយការខិតខំតស៊ូលះបង់របស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី រួមនឹងឥស្សរជនជាតិ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងមានការគាំទ្រដ៏ច្រើន ពីកងទ័ព និងប្រជាជនកម្ពុជា ដោយធ្វើពលិកម្មប្តូរឈាមស្រស់ សាច់ស្រស់ ដែលជោគជ័យ បាននាំមកឱ្យប្រជាជនកម្ពុជា ទទួលបាននូវការរស់នៅ ប្រកបដោយក្តីសុខសាន្តដូចសព្វថ្ងៃនេះ ហើយត្រូវបាន សម្តេចធិបតីនាយករដ្ឋមន្ត្រី ទទួលធ្វើមេដឹកនាំបន្ត រក្សាបាននូវសុខសន្តិភាព ស្ថេរភាព និង ការអភិវឌ្ឍ ដែលកំពុងតែមានសន្ទុះអភិវឌ្ឍរីកចម្រើន កើនឡើង ថែមទៀត យ៉ាងលឿនឆាប់រហ័ស ដែលនាំឱ្យប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ។

ក្នុងកិច្ចប្រជុំកំពូលជាច្រើន របស់សមាជិកអង្គការសហប្រតិបត្តិការឥស្លាម(OIC) ដែលមានរដ្ឋជាសមាជិកចំនួន ៥៧ប្រទេស មានប្រជាជនជិត២ពាន់លាននាក់ អង្គការសម្ព័ន្ធពិភពឥស្លាម និងបណ្តាប្រទេសជាច្រើនទៀត បានវាយតម្លៃខ្ពស់ និងបានកោតសរសើរដល់កម្ពុជា ដោយបានយកកម្ពុជា ធ្វើជាគម្រូដ៏ល្អនៃប្រទេសដែលមានសុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា រវាងសាសនិកឥស្លាមភាគតិច ប្រមាណតែ ៥% និងសាសនិកនៃព្រះពុទ្ធសាសនា ប្រមាណ ៩៣% និងសាសនាផ្សេង ២% ដែលបានសាមគ្គីភាពនឹងគ្នា ប្រកបដោយការអត់ឱន ដើម្បីជាការបញ្ជាក់ ពីវឌ្ឍនភាពសាសនា នៅកម្ពុជា និងសហវិជ្ជមាន ។

បច្ចុប្បន្ននេះ សាសនិកឥស្លាម ក៏មានសមាជិករាជរដ្ឋាភិបាល ១រូប ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងមានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាប្រធានព្រឹទ្ធសភា ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា រាជរដ្ឋាភិបាល និងក្រសួង- ស្ថាប័ន អភិបាលរងរាជធានី-ខេត្ត អភិបាលរងក្រុង -ស្រុក-ខណ្ឌ សមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សា ក្រុង-ស្រុក-ខណ្ឌ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មន្ត្រីយោធា និងនគរបាលថ្នាក់ឧត្តមសេនីយ៍ គ្រូពេទ្យ និងគ្រូបង្រៀនខ្មែរឥស្លាមជាច្រើនរូប ៕

To Top