ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋាន គ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានរំលឹកឱ្យក្រុមហ៊ុន ផ្ដល់សេវាសន្ដិសុខឯកជន ឬសហគ្រាស គ្រឹះស្ថាន ប្រុងប្រយ័ត្នក្នុងការជ្រើសរើស ភ្នាក់ងារសន្ដិសុខឯកជន មកបម្រើការងារ ដោយខ្លាចក្រែង ប៉ះចំសមាសភាពមិនល្អ ហើយហាមដាច់ខាត ក្នុងការជ្រើសរើស យកជនបរទេស មកបម្រើការងារជាភ្នាក់ងារសន្ដិសុខឯកជន។

ការក្រើនរំលឹករបស់ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបំប៉នជំនាញ ភ្នាក់ងារសន្ដិសុខឯកជន លើកទី៧០ ក្រោយទទួលបានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ។

លោក ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន ក៏បានណែនាំផងដែរ ដល់ក្រុមហ៊ុន និងសហគ្រាស មិនត្រូវប្រើប្រាស់ ភ្នាក់ងារសន្តិសុខឯកជន លើសម៉ោងការងារច្រើនពេកនោះទេ ព្រោះធ្វើឲ្យភ្នាក់ងារ សន្តិសុខឯកជន ប្រឈមនឹង បញ្ហាសុខភាព ឬអាចបណ្តាលប៉ះពាល់ដល់អាយុជីវិត និងធ្វើឲ្យកិច្ចការពារសន្តិសុខ សុវត្ថិភាព នៅគោលដៅ មានកម្រិតទាប ។ លើសពីនេះ ត្រូវរៀបចំផ្ដល់នូវរបបសន្តិសុខសង្គម ហៅកាត់ «ប.ស.ស» ជូនភ្នាក់ងារសន្តិសុខឯកជន ក្នុងការពិនិត្យសុខភាព និងការព្យាបាលជំងឺដោយមិនគិតថ្លៃ។

លោក ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានចាត់ទុកភ្នាក់ងារសន្តិសុខឯកជន ជាកម្លាំងជំនួយដ៏សំខាន់របស់សមត្ថកិច្ច ក្នុងការសហការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស នៅតាមគៅលដៅរបស់ភ្នាក់ងារសន្តិសុខឯកជនឈរជើង។ មួយវិញទៀត គឺការចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» និងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ក៏ដូចជាការពារផលប្រយោជន៍ជាតិ និងការអភិវឌ្ឍប្រទេសជាតិ។

លោក ឧត្តមសេនីយ៍ឯក ក៏បានសម្ដែង នូវការកោតសរសើរចំពោះភ្នាក់ងារសន្តិសុខជន ក្នុងការចូលរួមបង្ការទប់ស្កាត់ នូវបទល្មើសនានា ធ្វើឲ្យបទល្មើសមានការកាត់ បន្ថយមួយចំនួនផងដែរ ។ ទន្ទឹមនេះ លោក លើកទឹកចិត្ត និងគាំទ្រដល់ភ្នាក់ងារ សន្តិសុខឯកជន រាយការណ៍អំពីសកម្មភាពបទល្មើស ដូចជា បទល្មើសគ្រឿងញៀន ការប្រើប្រាស់អាវុធ ខុសច្បាប់ ការបង្ខាំងមនុស្សខុសច្បាប់ ការជួញដូរមនុស្ស ការជួញដូរពលកម្ម ការប្រើប្រាស់អំពីហិង្សា ការរំលោភបំពានលើកុមារ និងស្ត្រី ការលេងល្បែង ស៊ីសងខុសច្បាប់ និងល្បែងអនឡាញខុសច្បាប់ជាដើម ពិសេសនៅតាមបណ្តាទីតាំងស្នាក់នៅ និងគោលដៅងាយរងគ្រោះ។
បន្ថែមពីនេះ លោកប្រធាននាយកដ្ឋាប បានអះអាងថា អគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់ខ្ពស់ លើវិស័យសន្តិសុខឯកជន ដើម្បីគាំពារ និងគាំទ្រនូវវិស័យនេះ ឲ្យមាននិរន្តភាព ស្ថេរភាព និងការអភិវឌ្ឍ។ ដូច្នេះវិស័យសន្តិសុខឯកជន ត្រូវទាមទារនូវគុណភាពខ្ពស់ ដើម្បីឆ្លើយតប តាមតម្រូវការនាសម័យនេះ ដែលជាសម័យមួយពោ ពេញទៅដោយការអភិវឌ្ឍ និង ការរីកចម្រើនជាលំដាប់ ទើបធ្វើឲ្យមានការរៀបចំ បើកវគ្គបំប៉នជំនាញ ភ្នាក់ងារសន្តិសុខឯកជននេះឡើង ៕
