ព័ត៌មានអន្តរជាតិ

ចិន ប្រកាសអះអាង អំពីសមយុទ្ធយោធា ក្បែរឈូងសមុទ្រ កោះតៃវ៉ាន់

xinhua

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់កាលពីថ្ងៃពុធថា យោធាចិន បានសម្រេចបង្កើត តំបន់សមយុទ្ធមួយសម្រាប់ ការហ្វឹកហ្វឺនបាញ់ប្រហារ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងតៃប៉ិ បានចោទប្រកាន់ទីក្រុងប៉េកាំងថា បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅជិតទីក្រុងឆ្នេរសមុទ្រ ដែលធ្វើជាម្ចាស់ផ្ទះមូលដ្ឋានយោធា របស់កោះ ដែលគ្រប់គ្រង ដោយខ្លួនឯងមួយនេះ។

នៅព្រឹកថ្ងៃដដែល រដ្ឋាភិបាលក្រុងតៃប៉ិ បានចោទប្រកាន់ទីក្រុងប៉េកាំងពី ការបង្កហេតុ ហើយបាននិយាយថា យន្តហោះយោធាចំនួន៣២គ្រឿង និងនាវាចម្បាំងមួយចំនួន ត្រូវបានគេមើលឃើញ មានវត្តមាននៅក្រៅកោះបន្តិច ដែលពួកគេ ត្រូវបានគេរាយការណ៍ថា បានធ្វើសមយុទ្ធ នៅក្នុងតំបន់ប្រហែល៤០ម៉ាយល៍ ឬប្រមាណជាជាង៧០គីឡូម៉ែត្រប៉ុណ្ណោះ ពីដែនដីរបស់កោះតៃវ៉ាន់ ។

ក្រសួងការពារជាតិ នៃកោះតៃវ៉ាន់ ​បាន​ថ្លែងថា សមយុទ្ធ​នេះ​ត្រូវបាន​ចាប់ផ្តើមធ្វើឡើង ​ដោយ​គ្មាន​ការព្រមានឬផ្តល់សញ្ញាទុក​ជាមុន ខណៈ​វា​បាន​បញ្ជូន​កងកម្លាំង​ក្នុងស្រុក​ ដើម្បី​តាមដាន​ស្ថានការណ៍នោះផងដែរ​ ។

នៅពេលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានជាទៀងទាត់កាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា វាមិនមែនជាសំណួរ ស្តីពីកិច្ចការបរទេសទេ ប៉ុន្តែបានបញ្ជាក់ថា សមយុទ្ធនេះត្រូវបានចាប់ផ្តើមរួចទៅហើយហើយមកទល់ពេលនេះ ក្រសួងការពារជាតិចិន មិនទាន់ធ្វើអត្ថាធិប្បាយ លើស្ថានភាពនេះលំអិតនៅឡើយទេ។

គួរឲ្យដឹងដែរថាចិន​មិន​បាន​បង្ហាញ​ព័ត៌មាន​ លម្អិត​អំពី​សមយុទ្ធ​នេះ​ទេ​រហូត​មក​ដល់​ពេល​នេះ ។ ផ្ទុយទៅវិញ លោក Lin បានរិះគន់ទីក្រុងវ៉ាស៊ីនតោន ចំពោះការបន្តដឹកជញ្ជូនអាវុធទៅកាន់កោះតៃវ៉ាន់ ដោយនិយាយថា វាបំពានគោលការណ៍ចិន តែមួយ និងបង្កគ្រោះថ្នាក់ដល់សន្តិសុខក្នុងតំបន់៕

ប្រែសម្រួល៖ស៊ុនលី

To Top