ភ្នំពេញ ៖ ក្នុងជំនួប ជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាលនាថ្ងៃ២៧ កុម្ភៈ លោក Derek Yip ឯកអគ្គរដ្ឋទូតប្រទេស អូស្រ្តាលីកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលី រក្សាជំហបន្តជំនួយ និងជួយពង្រឹងប្រព័ន្ធថែទាំសុខភាព និងភាពជាដៃគូរវាង វិស័យសាធារណៈ និងឯកជន ដើម្បីគាំទ្រនិងធ្វើឲ្យប្រសើរឡើង នូវសេវាសុខាភិបាលនៅកម្ពុជា ។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត បានបញ្ជាក់ជំហរដែរថា នឹងពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អូស្ត្រាលី ភាពជាដៃគូរវាងវិស័យ សាធារណៈ និងឯកជន លើវិស័យសុខាភិបាល និងការបន្តផ្តល់អាហាររូបករណ៍ដល់សិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជា និងលើកទឹកចិត្តមន្ត្រី សុខាភិបាលផងដែរ។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងថា រដ្ឋាភិបាលអូស្ត្រាលី តែងតែគាំទ្រក្រសួងសុខាភិបាល ក្នុងការកសាងប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជា តាមរយៈការផ្តល់ជំនួយហិរញ្ញប្បទាន ក្រោមក្របខណ្ឌជំនួយ សហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញប្បទានឥតសំណង ដល់វិស័យសុខាភិបាល ជាពិសេសដល់គម្រោងលើកកម្ពស់គុណភាព និង សមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) កម្មវិធីសហប្រតិបត្តិការ អូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់សេវា ប្រកបដោយនិរន្តរភាព និងសមធម៌ ដំណាក់កាលទី 2 (ACCESS 2) ការពង្រឹងសេវាសង្គ្រោះបន្ទាន់ ផ្នែកសម្ភព និងការថែទាំទារកទើបកើត និងការអភិវឌ្ឍ ធនធានមនុស្សសុខាភិបាល ជាច្រើនមិនអាចកាត់ថ្លៃបាន ជាច្រើនទសវត្សរ៍កន្លងមក ព្រមទាំងបាននិងកំពុងជួយជាបន្ត ជាបន្តបន្ទាប់រហូតបច្ចុប្បន្ន ។

សាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូ អំពីផែនការ អាទិភាពរបស់ក្រសួងសុខាភិបាល ក្នុងអាណត្តិទី៧ ដែលត្រូវចាប់ផ្តើមអនុវត្តរួមមាន ការពង្រឹងសេវាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក-ខេត្ត តាមរយៈការកែលម្អអគារ បំពាក់សម្ភារបរិក្ខារពេទ្យ ឱសថ និងការបណ្តុះបណ្តាលបុគ្គលិក ព្រមទាំងការប្រយុទ្ធនឹងជំងឺមិនឆ្លង ការពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំ និងនិវានុវត្តន៍ និងការអភិវឌ្ឍន៍សុខភាពឌីជីថល។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនដល់ប្រជាជន និងរដ្ឋាភិបាលអូស្ត្រាលី តាមរយៈឯកអគ្គរដ្ឋទូត ដែលបាននិងកំពុង បន្តពង្រឹកកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ជាមួយក្រសួងសុខាភិបាល និងដែលបានបង្ហាញពីការបេ្តជ្ញាចិត្ត ឥតងាករេបន្តគាំទ្ររួមចំណែក ជួយដល់កិច្ចខិតខំប្រឹងប្រែង ឥតឈប់ឈររបស់ ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកជា មួយរាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល នាឆ្នាំ២០៣៥ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ៕








