ព័ត៌មានជាតិ

ប្រធានគណៈកម្មាធិការអនុសាខា​ កាកបាទក្រហមកម្ពុជា ស្រុកស្ទោង ណែនាំឱ្យអាជ្ញាធរ ត្រូវយកចិត្តទុកដាក់ខ្ពស់ ដល់ជីវភាពគ្រួសារ ដែលខ្វះខាត និងងាយរងហានិភ័យ !

កំពង់ធំ: លោក សាយ គឹមឡម អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្ទោង បានធ្វើការណែនាំដូច្នេះ កាលពីព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ពេលអញ្ជើញចុះសួរសុខទុក្ខ និង ចែកអំណោយជូនគ្រួសារ ដែលមានជីវភាពខ្វះខាត និងងាយរងហានិភ័យ ចំនួន៤គ្រួសារនៅ ភូមិប្រឡាយនិងភូមិនាងសល្ងាច ក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។

ទន្ទឹមនឹងនេះលោកបានណែនាំ ដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់លើ សុខុមាលភាពទូទៅ ជាពិសេសពេលពេលគាត់ មានបញ្ហាសុខភាពត្រូវជួយណែនាំ ក្នុងការទៅថែរក្សាព្យាបាលជំងឺ នៅមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែកស្ទោង ដោយប្រើប័ណ្ណ ក្រីក្រឬសមធម៌ដែលព្យាបាលដោយឥតគិតថ្លៃ ជាគោលនយោបាយដ៏យកចិត្តទុកដាក់ខ្ពស់បំផុត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ។

លោកបានសង្កត់ធ្ងន់ថា ក្នុងនាមអាជ្ញាធរភូមិ ឃុំ ត្រូវតែមានភាពប្រាកដប្រជា និងស្គាល់ពលរដ្ឋឱ្យច្បាស់ ជាពិសេសមិនត្រូវទុកពលរដ្ឋណាម្នាក់ ដាច់បាយស្លាប់ដោយអាជ្ញាធរ ពុំបានដឹងឬដេកឈឺស្លាប់ ដោយពុំយកទៅព្យាបាល នៅមន្ទីរពេទ្យឬមណ្ឌលសុខភាពដោយអាជ្ញាធរមិនដឹងឬ មិនបានជួយសង្គ្រោះនោះឡើយ ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៤គ្រួសារដែលមានជីភាពខ្វះខាត។ ក្នុង១គ្រួសារៗទទួលបាននូវ÷ អង្ករ០១បេ មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ និងទឹកស៊ីអ៊ីវ០១យួរផងដែរ ៕ ដោយសំនៀង

To Top