ព័ត៌មានជាតិ

ក្រុមគ្រួសាររបស់ពលករខ្មែរ​ នៅកូរ៉េផ្តាំកូនចៅគ្រប់ៗគ្នា កុំចូលរួមក្នុងបាតុកម្មឱ្យសោះ សូមរក្សាភាពស្ងប់ស្ងាត់ បន្តធ្វើការធម្មតា កុំជ្រួលជ្រើម តាមការញុះញង់ របស់ក្រុមអ្នកនយោបាយប្រឆាំង

ភ្នំពេញ ៖ លោកយាយ លោកតា ដែលជាអាណាព្យាបាល ក្រុមគ្រួសារ របស់ពលករខ្មែរ ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ បានបង្ហាញការ ព្រួយបារម្ភជាខ្លាំង លើសុវត្ថិភាព និងការប៉ះពាល់អាជីព ការងាររបស់កូនៗ ចៅៗរបស់ខ្លួន ដែលខិតខំប្រឹងប្រែងទម្រាំ បានចេញទៅធ្វើការងារ នៅក្រៅប្រទេស បន្ទាប់ពីបានទទួលដំណឹងថា មានក្រុមអ្នកនយោបាយជ្រុល និយមនៅក្រៅប្រទេស តែងតែបំផុសបំផុល កៀរគរពលករខ្មែរ នៅក្រៅប្រទេសនិងប្រទេសកូរ៉េផងដែរ ឱ្យចូលរួមសកម្មភាព ធ្វើបាតុកម្មខុសច្បាប់នៅលើទឹកដីបរទេស ដែលពលករកំពុងធ្វើការនោះ។ ទន្ទឹមនឹងនេះ ក្នុងនាមជាចាស់ទុំដែលធ្លាប់ឆ្លងកាត់ភ្លើង សង្គ្រាមជោគជាំពីអតីតកាលហើយនោះ បានអំពាវនាវឱ្យកូនៗចៅៗទាំងអស់ ដែលកំពុងធ្វើការនៅប្រទេសកូរ៉េ  សូមជឿទុកចិត្តមកលើរដ្ឋាភិបាល ដែលជាតួអង្គសំខាន់តែមួយគត់ ដែលអាចដោះស្រាយបញ្ហាដោយសន្តិវិធីបាន។

លោកតា សុន ទុយ ជាអាណាព្យាបាល របស់ក្រុមគ្រួសារពលករ ដែលកំពុងធ្វើការនៅសាធារណកូរ៉េ បានលើកឡើងថា លោកតា និងក្រុមគ្រួសារនៅក្នុង ស្រុកមានការបារម្ភម្តងហើយម្តងទៀត លើសុវត្ថិភាព ទាំងការងារនិងផ្លូវចិត្ត ចំពោះកូនចៅរបស់ខ្លួន ដែលកំពុងបម្រើការងារ នៅសាធារណកូរ៉េ ពីព្រោះទម្រាំបាន សម្រេចបញ្ជូន កូនចៅរបស់ខ្លួន ទៅធ្វើការនៅបរទេសនេះ គឺពិបាកណាស់ ដូច្នេះហើយប្រសិន បើបាត់បង់ការងារ ដោយសារតែមាន ការបំផុស បំផុលឱ្យធ្វើបាតុកម្មពីសំណាក់ក្រុមប្រឆាំង ច្រើនលើកច្រើនសារពេកនោះ លោកតាទទួលយកមិនបាននោះទេ។

លោកតាបាន សង្កត់ធ្ងន់ថា ចេះដឹងរឿង ជាតិមិនខុសនោះទេ ក៏ប៉ុន្តែការទៅធ្វើបាតុកម្មប៉ាត ណាប៉ាត ណីលើទឹកដីបរទេសនេះ មិនមែនជាការ ស្នេហាជាតិនោះទេ វាជាការបង្កចលាចល និងដាក់បន្ទុកមកលើជាតិខ្លួនឯងវិញទេតើ ។ ដែលទាំងនេះលោកតាថា ជាសកម្មភាពខុសគេខុសឯង ខុសពីពលរដ្ឋប្រទេសដ៏ទៃទៀតដែលគេទៅធ្វើការដូចគ្នាចឹងដែរ តែគេមានសណ្តាប់ធ្នាប់ជាង។ ផុតពីបាតុកម្មមួយចូលបាតុកម្មមួយទៀតឥតឈប់ឈរ ដែលលោកតាលើកឡើងថា ឃើញសកម្មភាពទាំងនេះម្តងៗ គឺអាម៉ាស់ខ្លាំងណាស់ ខណៈម្ចាស់ស្រុកគេដើរតាមផ្លូវទៅធ្វើការ ដោយឡែកយើងជាពលរដ្ឋ បរទេសបែរដើរហែរក្បួនតាមផ្លូវទៅវិញ។ លោកតាបានចោទសួរថា តើនេះជារឿងល្អគួរណាស់មែនទេ?

ដោយឡែកលោកយាយ ភី ស៊ាមគាវ ជាអាណាព្យាបាល របស់ក្រុមគ្រួសារពលករនៅសាធារណកូរ៉េម្នាក់ទៀតបានលើកឡើងពីក្តីបារម្ភដូចគ្នា ត្បិតកូនចៅរបស់ខ្លួននឹងមិនទៅចូលរួមធ្វើបាតុកម្ម ដែលជាការបំផុសបំផុលពីសំណាក់ក្រុមប្រឆាំង ច្រើនលើកច្រើនសារក៏ដោយ ពីព្រោះលោកយាយថា ត្រីមួយកន្ត្រកស្អុយមួយ ស្អុយទាំងអស់ ពីព្រោះបើគេផ្តាច់ការងារ គឺផ្តាច់ទាំងអស់គ្នា ហើយ ដោយសារពលរដ្ឋនៅបរទេស ធ្វើឱ្យមានភាពចលាចល នៅលើទឹកដី បរទេសជាច្រើនលើកច្រើនសារ។ លោកយាយបានលើកឡើងថា តែងមានការបារម្ភជានិច្ចលើសុវត្ថិភាព របស់កូនចៅរបស់ខ្លួន បន្ទាប់ពីឃើញហេតុការតែងកើតឡើងនៅតាមការផ្សព្វផ្សាយនានា។ ក្រុមគ្រួសាររបស់លោកយាយតែងទូន្មានកូនចៅរបស់ខ្លួន ជានិច្ចអំពីការធ្វើបាតុកម្ម ដោយកន្លងមកលោកយាយតែងប្រាប់កូនចៅថាមិនឱ្យទៅចូលរួមបាតុកម្មនោះទេ ។ ការចេះប្រើគំនិតពិចារណា ឱ្យបានគ្រប់ជ្រុងជ្រោយ ខិតខំធ្វើការ សន្សំប្រាក់ ជារឿងចាំបាច់ ពីព្រោះកូនចៅដែលទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ជាប្រភពចំណូល និងជាអ្នកផ្គត់ផ្គង់គ្រួសារជាចាំបាច់។

ទន្ទឹមនឹងនេះ លោកយាយ លោកតា ដែលជាអាណាព្យាបាលពលករនៅកូរ៉េ ផ្តាំហើយផ្តាំទៀតទៅដល់កូនចៅគ្រប់ៗគ្នា ដែលកំពុងធ្វើការនៅប្រទេសកូរ៉េ សូមរក្សាភាពស្ងប់ស្ងាត់បន្តធ្វើការជាធម្មតា កុំជ្រួលជ្រើម តាមការញុះញង់របស់ក្រុមអ្នកនយោបាយប្រឆាំង ពីព្រោះពួកគេបាននិងកំពុង បោកប្រាស់កូនចៅហើយ ។ បន្ទាប់ពីមានបាតុកម្មរួច ពួកទាំងនោះគេបានវិលត្រលប់ទៅប្រទេស ដែលពួកគេរស់នៅ មិនមែនប្រទេសកូរ៉េនោះទេ ដូច្នេះប្រសិនបើប៉ះពាល់ដល់កន្លែងធ្វើការ នោះអ្នកដែលរងផលប៉ះពាល់គឺពលករ មិនមែនអ្នកគៀរគធ្វើបាតុកម្មនោះទេ។

គូរបញ្ជាក់ផងដែរថា ការលើកឡើង ពីក្តីព្រួយបារម្ភរបស់អាណាព្យាបាលរបស់ក្រុមគ្រួសារពលករខ្មែរបែបនេះ បន្ទាប់ពីមានការកៀរគរពលករខ្មែរ នៅសាធារណរដ្ឋកូរ៉េសារជាថ្មីពីសំណាក់ក្រុម អតីតអ្នកនយោបាយប្រឆាំង ដើម្បីចូលរួមបាតុកម្មប្រឆាំង ដំណោះស្រាយ របស់រដ្ឋាភិបាលលើករណីកោះគុត ជាមួយភាគីថៃ ។ នេះពុំមែនលើកទីមួយទេដែលអតីត ក្រុមអ្នកនយោបាយប្រឆាំងទាំងនេះ បានកៀរគរពលរដ្ឋខ្មែរ ធ្វើបាតុកម្ម ក៏ប៉ុន្តែពុំមានពលករខ្មែរ ច្រើននោះទេ ចូលរួមសកម្មភាព របស់ពួកគេនោះ ពីព្រោះពលករបានយល់ឃើញថា ការធ្វើបាតុកម្មរបស់ក្រុមប្រឆាំងគឺ គ្មានខ្លឹមសារដែលអាច ដោះស្រាយបញ្ហាបានឡើយ៕

To Top