ភ្នំពេញ៖ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំងមានការណែនាំពីថ្នាក់ដឹកនាំ នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារ អធិការកិច្ច នៃក្រសួងបរិស្ថាន បានសហការជាមួយមន្ត្រីនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ និងអាជ្ញាធរក្នុងឃុំកែវផុស ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យករណីបូមបង្ហូរសំណល់រាវចូលសមុទ្របង្កឡើងដោយក្រុមហ៊ុនកែច្នៃស្បែក CS TAN CO., LTD. ដែលមានទីតាំងនៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

យោងតាមការអះអាង របស់អជ្ញាធរឃុំកែវផុស អាជ្ញាធរបានទទួលការត្អូញត្អែពីប្រជាពលរដ្ឋថាបានរងផលដោយការបង្ហូរសំណល់រាវរបស់ក្រុមហ៊ុន CS TAN CO., LTD. ដោយបានបញ្ជាក់ថាបណ្តាលឱ្យរមាស់ និងធ្វើឱ្យប៉ះពាល់លើផលនេសាទ និងជះឥទ្ធិពលដល់ជីវភាពរស់នៅយ៉ាងខ្លាំង។

ក្រុមការងារក្រសួងបរិស្ថាន បានចុះពិនិត្យទីតាំងផលិតកម្ម ព្រមទាំងការគ្រប់គ្រងសំណល់រាវដោយពិនិត្យឃើញថាក្រុមហ៊ុនបានបង្ហូរសំណល់រាវដោយផ្ទាល់តាមប្រព័ន្ធលូចូលទៅស្រះស្តុក (៤ស្រះបន្តបន្ទាប់គ្នា) ដោយមិនបានឆ្លងកាត់ប្រព័ន្ធប្រព្រឹត្តិកម្ម។ មានការបង្កប់ទុយោជ័រ ភ្ជាប់ពីស្រះស្តុកទៅកាន់ព្រែកកន្លង់ចម្ងាយប្រមាណ៧០០ម៉ែត្រ។


ក្រុមការងារក្រសួងបរិស្ថាន បានរកឃើញថា ក្រុមហ៊ុនបានប្រើម៉ាស៊ីនបូមទឹកចំនួន ៨គ្រឿង ដើម្បីបូមសំណល់រាវពីព្រែកកន្លង់ទៅកាន់ប្រឡាយជីកថ្មីដើម្បីបង្ហូរបន្តទៅកាន់សមុទ្រដោយផ្ទាល់ ដោយមានគ្របមែកឈើពីលើដើម្បីលាក់បាំង។ ចម្ងាយពីព្រែកកន្លង់ (ទីតាំងបូមសំណល់រាវ) ទៅកាន់សមុទ្រមានប្រវែងប្រមាណ ៣០០ម៉ែត្រ។

ក្រុមហ៊ុន បានទទួលស្គាល់កំហុសដែលក្រុមការងារក្រសួងបរិស្ថានបានរកឃើញ ពិសេសការបូមសំណល់រាវបង្ហូរចូលសមុទ្រដោយមិនមានឆ្លងកាត់ការសម្អាតជាមុន និងមិនមានការអនុញ្ញាត។ សម្រាប់វិធានការបន្ទាន់ ក្រុមការងារបានតម្រូវឱ្យក្រុមហ៊ុនបញ្ឈប់សកម្មភាពបូមបង្ហូរសំណល់រាវទៅកាន់សមុទ្រ រហូតរៀបចំប្រព័ន្ធប្រព្រឹត្តិកម្មរួចរាល់និងទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថាន។

ក្រសួងបរិស្ថាន បានថ្លែងអំណរគុណទៅដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្បែរទីតាំងនេះ បានជួយផ្តល់ព័ត៌មាន ហើយក្រសួងបរិស្ថាននិងធ្វើការអនុវត្តន៍វិធានការច្បាប់យ៉ាងតឹងរឹងដោយគ្មានការលើកលែង៕
