ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ត្រាំ បដិសេធក្នុងការគាំទ្រ ដល់គំនិតរបស់អង់គ្លេស ពង្រាយកងទ័ព នៅអ៊ុយក្រែន

RT News

បរទេស៖ ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ទាហានអង់គ្លេស “អាចថែរក្សាខ្លួនឯងបាន” នៅពេលសួរថា តើយោធាអាមេរិក នឹង គាំទ្រពួកគេដែរឬទេ ប្រសិនបើចក្រភពអង់គ្លេស ដាក់ពង្រាយកម្លាំង ទៅកាន់អ៊ុយក្រែន ជាផ្នែកនៃកិច្ចព្រមព្រៀង សន្តិភាពដ៏មានសក្តានុពលជាមួយរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានជួបជាមួយ លោក ត្រាំ នៅសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ ជាកន្លែងដែលមេដឹកនាំទាំងពីរ បានពិភាក្សាអំពីផែនការ ដើម្បីឈានទៅដល់អ្វី ដែលលោកហៅថា “សន្តិភាពដែលតឹងតែង និងយុត្តិធម៌”។

លោក Starmer បានប្រាប់ អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំថា “ខ្ញុំកំពុងធ្វើការ យ៉ាងជិតស្និទ្ធ ជាមួយមេដឹកនាំអឺរ៉ុប ផ្សេងទៀត លើបញ្ហានេះ ហើយខ្ញុំច្បាស់ថា ចក្រភពអង់គ្លេសបានត្រៀម ខ្លួនរួចជាស្រេចដើម្បីពង្រាយយោធានៅលើដី និងយន្តហោះនៅលើអាកាស ដើម្បីគាំទ្រកិច្ចព្រមព្រៀងមួយ ដោយធ្វើការរួមគ្នាជាមួយសម្ព័ន្ធមិត្តរបស់យើង ពីព្រោះនោះគឺជាមធ្យោបាយតែមួយគត់ ដែលសន្តិភាពនឹងស្ថិតស្ថេរ” ។

ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ បានបដិសេធសំណួរមួយ អំពីថាតើសហរដ្ឋអាមេរិក នឹងផ្តល់ការបម្រុង ទុកប្រសិនបើការដាក់ ពង្រាយបែបនេះ នាំឱ្យមានការប៉ះទង្គិច ជាមួយកងកម្លាំងរុស្ស៊ី ដោយប្រាប់អ្នកកាសែតថា ចក្រភពអង់គ្លេស “មិនត្រូវការជំនួយច្រើនទេ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top