ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំត្រៀម រៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដើម្បីបង្ករការ សប្បាយរីករាយ ជូនភ្ញៀវទេសចរណ៍

កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានបើកកិច្ចប្រជុំត្រៀមរៀបចំ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងការបង្កើតកម្មវិធី ដើម្បីបង្កការ សប្បាយរីករាយជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យបានច្រើនកុះករ ដូចឆ្នាំកន្លងទៅ ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងក្នុងអង្គប្រជុំនោះថា កាលពី ពិធីបុណ្យចូលឆ្នាំកន្លងទៅនេះ សម្រាប់ខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកំសាន្ត ជាង ៥លាន ដងនាក់ ជាពិសេសនៅថ្ងៃចូលឆ្នាំចុងក្រោយ គឺមានប្រជាពលរដ្ឋ មកពីគ្រប់ទិសទី កម្សាន្តសប្បាយនៅខេត្តកំពង់ចាម យ៉ាងច្រើនកុះករ ។

លោកអភិបាលខេត្ត បានលើកឡើងទៀតថា ជាបទពិសោធន៍ ក្នុងការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ ដើម្បីបង្កភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋ នាឆ្នាំកន្លងទៅ គឺអាជ្ញាធរខេត្តកំពង់ចាម បានរៀបចំថែរក្សាសុខ សុវត្ថិភាពជូនភ្ញៀវទេសចរណ៍បានយ៉ាងល្អប្រសើរ ពោលគឺទាំងការសម្រួល ចរាចរមិនឲ្យកកស្ទះ និងមិនមានជម្លោះប៉ះទង្គិចគ្នា ជាពិសេស ការកំសាន្តដោយលាបម្សៅ ចាក់ទឹក ក្តី គឺពួកគាត់លេង ដោយចេះឲ្យតម្លៃគ្នាទៅវិញទៅមក ដោយមានការយោគយល់ អធ្យាស្រ័យគ្នា ប្រកបដោយភាពថ្លៃថ្នូរ និងសប្បាយរីករាយទាំងអស់គ្នា ។

លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ដើម្បីរក្សា ការទាក់ទាញភ្ញៀវទេសចរណ៍ មកកំសាន្តឲ្យបានច្រើនកុះករបន្តទៀត ក្នុងខេត្តកំពង់ចាម នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ២០២៥ ខាងមុខនេះ រដ្ឋបាលខេត្តត្រូវរៀបចំនូវព្រឹត្តិការណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យបានច្រើន និងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ នឹងត្រូវរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ឲ្យបានកាន់តែល្អប្រសើរ ៕

To Top