ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានលើកឡើងថា វិស័យទេសចរណ៍ គឺជាកត្តាជម្រុញ ដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ច និងជាក្បាលម៉ាស៊ីន សម្រាប់បង្កើតឱកាសការងារយ៉ាងច្រើន និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជម្រុញម៉ាក្រូសេដ្ឋកិច្ច និង ការអភិវឌ្ឍន៍លើគ្រប់វិស័យ ។

សម្ដេច ម៉ែន សំអន ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី អបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប អមជាមួយនឹងកម្មវិធីប្រកាស គណៈកម្មការ សាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងទេសចរណ៍ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃសៅរ៍ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ។

ថ្លែងក្នុងពិធីនោះលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញ ការលើកកម្ពស់គុណតម្លៃស្ត្រី តាមរយៈ ការពង្រឹងសមត្ថភាព ស្ត្រីឲ្យក្លាយជាអ្នកដឹកនាំ តាមក្រសួង ស្ថាប័នរបស់ជាតិ ។ លោកបន្តទៀតថា ដើម្បីទាញយកសក្តានុពលពីវិស័យ ទេសចរណ៍ឲ្យបានក្នុងកម្រិតខ្ពស់នោះ គឺត្រូវផ្តើមចេញពី « ម្នាក់ៗគឺជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដ៏សកម្ម» គឺសូមឲ្យអង្គភាពចំណុះក្រសួង ក៏ដូចជាអង្គភាព ពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រប់រូប សូមបន្តយកចិត្តទុកដាក់លើកកម្ពស់ ឱ្យបានផុសផុលបន្ថែមទៀត ពិសេសមន្ត្រីរាជការជាស្ត្រី ក៏ត្រូវពង្រឹង ខ្លួនយើងផងដែរ ។

មានប្រសាសន៍ សំណេះសំណាលក្នុងពិធីនោះ សម្តេច ម៉ែន សំអន បាននាំយកការផ្តាំផ្ញើសាកសួរ សុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមនាថ្ងៃនេះ ។
សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ប្រធានបទនេះ ក៏មានគោលបំណង គូសបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបាននិងអនុវត្តសិទ្ធិការលើក កម្ពស់សមភាពយេនឌ័រ និងការបង្កើនភាព អង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូបនៅកម្ពុជា និងបានផ្តោតសំខាន់ក្នុងការ ធ្វើការរួមគ្នា ប្រកបដោយ សហថាមពលទាញយកអត្ថប្រយោជន៍ ពីភាគលាភយេនឌ័រ តាមរយៈអភិក្រម ជីវភាពនៃ ប្រព័ន្ធតួអង្គតែមួយ ដើម្បីជំរុញកំណើន សេដ្ឋកិច្ចនិង លើកកម្ពស់ សុខុមាលភាពសង្គម ព្រមទាំងចូលរួមអបអរសាទរ ខួប៣០ឆ្នាំ នៃសេចក្តីថ្លែងការណ៍ ទីក្រុងប៉េកាំង និងយុទ្ធនាការនានា របស់អង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធទៅនឹង ការលើកកម្ពស់ភាពយេនឌ័រ និងការបង្កើនភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រី។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា «វិស័យ ទេសចរណ៍ គឺជាកត្តាជម្រុញ ដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ច និងជាក្បាលម៉ាស៊ីន សម្រាប់បង្កើត ឱកាសការងារ យ៉ាងច្រើន និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជម្រុញម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេស វិស័យឯកជនកាន់តែរស់រវើកតាមរយៈការលើកកម្ពស់បរិយាកាសធុរៈកិច្ចនិង ការវិនិយោគដែលជាប្រភពបង្កើត ចំណូលនិងឱកាសការងារ» ។

សម្តេច ម៉ែន សំអន ក៏បានផ្តាំផ្ញើដល់គណៈកម្មការសាខាសមាគមនារីខេត្ត ដែលបានប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពនាថ្ងៃនេះ ត្រូវបន្តការខិតខំ ប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ របបរាយការណ៍ ការបែងចែកតួនាទីភារកិច្ច និងទទួលខុសត្រូវទៅថ្នាក់ដឹកនាំ នៃគណៈកម្មការសមាគមនារីសាខា អនុសាខា ទូទាំងអង្គភាព កាន់តែទូលំទូលាយ និង ឱ្យបានស៊ីជម្រៅទៅ តាមគោលនយោបាយ របស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្គាល់ថា «ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និង សង្គមជាតិរបស់យើងទាំងអស់គ្នា»៕
