ព័ត៌មានជាតិ

លោក ហួត ហាក់ ដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមពិព័រណ៍ទេសចរណ៍ អន្តរជាតិ ITB Berlin 2025 នៅអាល្លឺម៉ង់ ចាប់ពីថ្ងៃទី៤-៦

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីយប់ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ក្រសួងទេសចរណ៍ អញ្ជើញចូលរួមពិព័រណ៍ទេសចរណ៍ អន្តរជាតិពិភពលោក International Tourismus Borse (ITB Berlin) 2025 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ Messe Berlin រដ្ឋធានីប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ។

កិច្ចប្រជុំ International Tourismus Borse (ITB Berlin) 2025 នឹងមានការចូលរួម ពីរដ្ឋមន្រ្តីទេសចរណ៍ និងថ្នាក់ដឹកនាំទេសចរណ៍ ពីប្រទេសច្រើនជាង៥០ ព្រមទាំងអ្នកលក់ (Seller) ប្រមាណ ៥,៦០០នាក់ និងអ្នកទិញ (Buyer) ប្រមាណ ១,៣០០នាក់ អ្នកសារព័ត៌មាន និងអ្នកផលិមាតិកា (Media) ៣,៥០០នាក់ និងអ្នកទស្សនាប្រមាណ ១០០,០០០នាក់ ដែលមកពីជាង១៩០ ប្រទេសជុំវិញពិភពលោក។

សូមបញ្ជាក់ថា ការចូលរួមពិព័រណ៍ខាងលើ ក្រសួងទេសចរណ៍បានរៀបចំជាពន្លាធំ រួមទាំងការសំដែងសិល្បៈប្រពៃណី ក្នុងគោលបំណងផ្សព្វផ្សាយយុទ្ធនាការ “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ – សុវត្ថិភាព ស្អាត និងបៃតង” ទៅកាន់ទីផ្សារអាល្លឺម៉ង់ និង ពិភពលោក ក៏ដូចជាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ​ ក្នុងវិស័យទេស ចរណ៍រវាងផ្នែករដ្ឋ-ឯកជនកម្ពុជា ជាមួយទីផ្សារអាល្លឺម៉ង់ និងអន្តរជាតិ៕

To Top