ប៉ុន្មានថ្ងៃកន្លងមកនេះរដ្ឋបាលលោក Trump បានប្រកាសជាផ្លូវការ ក្នុងការតម្លើងពន្ធនាំចេញទំនិញទាំងអស់ ពីប្រទេសចិនប្រមាណជា ១០ភាគរយបន្ថែម ពីលើពន្ធ១០ភាគរយ ដែលបន្ថែមទៅលើទំនិញ ដែលផលិតដោយប្រទេសចិនផង។
កត្តានេះបានធ្វើឲ្យអ្នកជំនាញ និងអ្នកនៅក្នុងវិស័យផលិតកម្មទាំងអស់ អាចមើលឃើញថារោងចក្រមួយចំនួនធំ ដែលផ្គត់ផ្គង់ទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក នឹងចាប់ផ្តើមបិទទ្វានិងផ្លាស់ទីចេញពីប្រទេសចិន ក្នុងពេលឆាប់ៗនេះឬស្ទើរតែទាំងស្រុង នៅត្រឹមចុងឆ្នាំ២០២៥នេះ។
យោងតាមការចេញផ្សាយដោយ www.tomshardware.com ដែលបានដកស្រង់សំដីរបស់ ប្រធានប្រិតបត្តិការនៃក្រុមហ៊ុន HP លោក Enrique Lotes បានអះអាងថានៅត្រឹមដំណាច់ឆ្នាំសារពើពន្ធ២០២៥នេះ ជឿជាក់ថា ទំនិញដែលផលិតចេញពីប្រទេសចិន ដើម្បីផ្គត់ផ្គង់ទីផ្សារប្រទេសអាមេរិក នឹងអាចចាកចេញទៅទីតាំងថ្មីដោយសារបញ្ហានេះ។
ក្នុងនោះគិតត្រឹមទីផ្សារអាមេរិក ខាងជើងប៉ុណ្ណោះរោងចក្រផលិតទំនិញ ដែលផ្គត់ផ្គង់ទាំងឡាយប្រមាណជា ៩០ភាគរយ នឹងត្រូវស្វែងរករោងចក្រថ្មីបូករួមទាំង PC និង HP ផងទោះបីជាកន្លងមកបានខិតខំសម្របខ្លួន ដើម្បីគេចចេញពីផលលំបាកនានា ដែលកើតចេញពីជម្លោះពាណិជ្ជកម្ម រវាងចិននិងអាមេរិកក្តី។
លោក Lotes បានបន្ថែមទៀតថា ការផ្លាស់ប្តូរផលិតកម្មពីប្រទេសមួយទៅ ប្រទេសមួយទៀតគឺជារឿងដ៏លំបាក ហើយមិនអាចធ្វើបានក្នុងរយៈពេលខ្លី ឬពាក់កណ្តាលរយៈពេលនោះទេដូច្នេះ ដើម្បីកាត់បន្ថយអស្ថិរភាពដែលកំពុងបន្តដោយសារពន្ធគយ ក្រុមហ៊ុន HP បានស្តុកទុកផ្នែករឹងមួយចំនួនក្នុងកំឡុងត្រីមាសនេះ ដើម្បីទប់ទល់ទៅនឹងការប្រែប្រួលតម្លៃ និងដើម្បីធានានូវការផ្គត់ផ្គង់ ផលិតផលប្រកបដោយស្ថិរភាព៕
ប្រែសម្រួល៖ ស៊ុន លី
