ព័ត៌មានជាតិ

សម្តេចធិបតី៖ «យុទ្ធសាស្ត្រកំណើនថ្មីរបស់កម្ពុជា» និងផ្តល់សារៈសំខាន់ លើតុល្យភាពរវាង​ល្បឿន នៃកំណើនសេដ្ឋកិច្ច ទៅនឹងគុណភាពនៃកំណើន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវការចាប់អារម្មណ៍ ទៅលើលទ្ធផលនៃការសិក្សារបស់ CDRI នូវប្រធានបទទាំង៣ ដែលនិងលើកយកមកពិភ្សា ក្នុងនោះការសិក្សាលើ «យុទ្ធសាស្ត្រកំណើនថ្មីរបស់កម្ពុជា» និងផ្តល់សារៈសំខាន់ លើតុល្យភាពរវាង​ល្បឿន នៃកំណើនសេដ្ឋកិច្ច ទៅនឹងគុណភាពនៃកំណើន ជាជាងការផ្តោតតែទៅលើកំណើនខ្ពស់ ។

ថ្លែងក្នុងឱកាសអញ្ជើញ បើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍​របស់កម្ពុជា​ ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់៖ គោលនយោបាយ និងយុទ្ធសាស្តកំណើនមានគុណភាព រយៈពេលវែងក្នុងបរិការណ៍ ដែលមានភាពមិនច្បាស់លាស់» នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការសិក្សាបានលើកឡើង ពីយុទ្ធសាស្ត្រនៃកំណើនថ្មី ដែលគួបផ្សំគ្នា រវាងគោលនយោបាយកំណើនសេដ្ឋកិច្ច តាមវិស័យអទិភាព ជាមួយនឹងការកែទម្រងរចនាសម្ព័ន្ធគ្រប់ជ្រុងជ្រោយ ។

សម្តេចធិបតី មានប្រសាសន៍ថា “ជារួមយុទ្ធសាស្ត្រនេះ និងផ្តល់សារៈសំខាន់ លើតុល្យភាពរវាង​ល្បឿននៃកំណើនសេដ្ឋកិច្ច ទៅនឹងគុណភាពនៃកំណើន ជាជាងការផ្តោតតែទៅលើកំណើនខ្ពស់ មានន័យថា ទោះបីជាការកែទម្រង់រចនាសម្ព័ន្ធគ្រប់ជ្រុងជ្រោយ អាចបណ្តាឱ្យកំណើនសេដ្ឋកិច្ច មានកម្រិតទាបជាង កំណើនសក្តានុពលក្តី ក៏ចាំបាច់ត្រូវទទួលយក ដើម្បីជំរុញលើកកម្ពស់ គុណភាព ចីរភាព និងបរិយាបន្នកំណើននេះ” ។

បន្ថែមលើនេះ សម្តេចធិបតី យល់ឃើញថា យុទ្ធសាស្ត្រនេះ គឺមានភាពស៊ីចង្វាក់ទៅនឹង យុត្តិសាស្ត្របញ្ញកោណជាច្រើន ហើយដើម្បីសម្រេចបានកំណើនខ្ពស់ និងមានចីរភាព ការកែទម្រង់រចនាសម្ព័ន្ធត្រូវតែធ្វើជាចាំបាច់ និងកាន់តែឆាប់រហ័ស កាន់តែប្រសើរ ។

ទោះបីជាយ៉ាងនេះក្តី សម្តេចធិបតី ក៏បានធ្វើការណែនាំ ដែលថា ការកែទម្រងមិនគួរធ្វើដោយតក់ក្រហល់ពេក រហូតដល់ប៉ះពាល់ដល់សន្តិភាព និងស្ថេរភាពជារួមនោះទេ ។

សូមបញ្ជាក់ថា ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ ​ត្រូវបានរៀបចំឡើងជុំវិញវគ្គសំខាន់ៗចំនួនបី ដែលវគ្គនីមួយៗផ្តោតលើទិដ្ឋភាពសំខាន់ៗ ដែលរួមចំណែកដល់ការកំណត់គោលនយោបាយ និងយុទ្ធសាស្ត្រសម្រាប់ចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែង របស់កម្ពុជា ដែលវគ្គទី ១៖ ដំណើរការនៃការអភិវឌ្ឍ និងទស្សនវិស័យអភិវឌ្ឍន៍របស់កម្ពុជា ។ វគ្គបើកកម្មវិធីនេះនឹងពិនិត្យឡើងវិញ នូវសមិទ្ធកម្មសេដ្ឋកិច្ចរបស់កម្ពុជា និងចក្ខុវិស័យរបស់ខ្លួនសម្រាប់ កំណើនប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន។ ការពិភាក្សានឹងត្រូវបានធ្វើឡើង ជាមួយនឹងការធ្វើបទបង្ហាញពីការរកឃើញសំខាន់ៗ ពីការសិក្សារបស់វិទ្យាស្ថាន CDRI ស្តីពី «យុទ្ធសាស្ត្រកំណើនថ្មីរបស់កម្ពុជា» ដែលវិភាគនិន្នាការកំណើននាពេលកន្លងមក និងបច្ចុប្បន្ន កំណត់កត្តាជំរុញ និងឧបសគ្គសំខាន់ៗ និងគូសបញ្ជាក់អំពីយុទ្ធសាស្ត្រចាំបាច់​ ដើម្បីសម្រេចបាននូវវិបុលភាពរយៈពេលវែង។ វគ្គនេះក៏នឹងទាញយកការយល់ដឹងដ៏មានតម្លៃ និងមេរៀនពីឧត្តមានុវត្តសកលនិងតំបន់ ដើម្បីជាព័ត៌មានក្នុងការពង្រឹងវិធីសាស្ត្រអភិវឌ្ឍន៍ របស់កម្ពុជា ដែលអាចឱ្យកម្ពុជាសម្របខ្លួន និងរីកចម្រើនបាន​ ក្នុងបរិបទពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាង ឆាប់រហ័ស៕

To Top