បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា កាលពីថ្ងៃច័ន្ទ បានបញ្ជាក់ពីការត្រៀមខ្លួន របស់លោកស្រី ក្នុងការឆ្លើយសំណួរ ក្នុងអំឡុងពេលនៃការជជែកដេញដោល ដើម្បីដកសេចក្តីទុកចិត្ត នាពេលខាងមុខ ដោយនិយាយថា លោកស្រីនឹងបង្ហាញការពិត និងតួលេខដើម្បីទប់ទល់នឹង ការវាយប្រហារចោទប្រកាន់ របស់គណបក្សប្រឆាំង។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា សំណើសុំដកសេចក្តីទុកចិត្ត ដែលត្រូវបានដាក់ស្នើ កាលពីសប្តាហ៍មុន បានផ្តិតទៅលើនាយករដ្ឋមន្ត្រី ហើយចោទប្រកាន់លោកស្រីថា ខ្វះការដឹកនាំ និងអនុញ្ញាតឱ្យឪពុកលោកស្រី ដែលជាអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ញាក់ខ្សែលោកស្រី ។
នៅពេលសួរថាតើ លោកស្រី បានរៀបចំពិសេស ឬយ៉ាងណានោះ លោកស្រីបាននិយាយថា លោកស្រីនឹងឆ្លើយសំណួរ របស់គណបក្សប្រឆាំង ជាមួយនឹងអង្គហេតុ និងតួលេខ ហើយថា លោកស្រីត្រូវបានសង្ខេបអំពីទម្រង់នៃការជជែកដេញដោល ដែលនឹងក្លាយជាលើកដំបូង របស់លោកស្រីបន្ទាប់ពី ចូលកាន់តំណែងកាលពីប្រាំមួយខែមុន ។
លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ក៏បានវាយបកវិញទៅលើ ក្រុមប្រឆាំងជុំវិញការចោទប្រកាន់របស់ខ្លួនថា លោកស្រីខ្វះការដឹកនាំ ដោយលោកស្រីបាននិយាយថា លោកស្រីសុខចិត្តទុកឲ្យសាធារណជន ជាអ្នកវិនិច្ឆ័យរឿងនោះ៕
ប្រែសម្រួលៈ ណៃ តុលា
