ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និង ដៃគូពាក់ព័ន្ធ បានសិក្សាកំណត់ ទីតាំងចំនួន៤កន្លែង សម្រាប់សាងសង់ ស្ថានីយច្រកទ្វារព្រំដែន អន្តរជាតិ៤កន្លែង របស់គម្រោងជំរុញការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធ ច្រកទ្វារព្រំដែន (3CEP) ក្នុងក្របខ័ណ្ឌហិរញ្ញប្បទាន ធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។
ការសាងសង់ស្ថានីយច្រកទ្វារព្រំដែន អន្តរជាតិ៤កន្លែងនេះ គឺធ្វើឡើងនៅលើទីតាំងច្រកកទ្វារអន្តរជាតិ ចំនួន៤កន្លែង គឺត្រពាំងស្រែ ភ្នំដិន ត្រពាំងផ្លុង និងអូរយ៉ាដាវ នៅខេត្តក្រចេះ តាកែវ ត្បូងឃ្មុំ និងរតនគិរី ។

ក្នុងកិច្ចប្រជុំពិភាក្សាដើម្បីកំណត់ទីតាំងសាងសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិ៤កន្លែងដឹកនាំដោយលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ នាថ្ងៃ៣ មីនា ដើម្បីពិនិត្យ របាយការណ៍បឋម និង ពិនិត្យពិភាក្សា កំណត់ទីតាំង និងជំរុញការងារបន្តអនុវត្ត របស់គម្រោងសាងសង់ អគារស្ថានីយ ច្រកទ្វារព្រំដែន ឱ្យប្រព្រឹត្តទៅបានដោយរលូន និងទទួលបានជោគជ័យ ដែលទាមទារឱ្យមានការបង្កើត ក្រុមការងារបច្ចេកទេស ចំពោះកិច្ច ដើម្បីចុះសិក្សាស្រាវជ្រាវបន្ថែមអំពីស្ថានភាពទីតាំងទំហំដីត្រូវការ និង ការកាន់កាប់ស្ថានភាពភូមិសាស្រ្ត ការពិនិត្យមើលលទ្ធភាព និងដីត្រៀម សម្រាប់ការសាងសង់ វិធានការត្រៀមបម្រុងទុកដី សម្រាប់ការចរចា និងដោះស្រាយផលប៉ះពាល់ ៕
