ព័ត៌មានជាតិ

សាររដ្ឋមន្រ្តី ក្រសួងធនធានទឹក អំពាវនាវ ឱ្យកសិករប្រើទឹក បង្កបង្កើនផលស្រូវ ដោយសន្សំចៃ ដើម្បីទប់ស្កាត់ការខូចខាត

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា សារអំពាវនាវរបស់លោក ថោ ជេដ្ឋា រដ្ឋមន្រ្តី ក្រសួងធនធានទឹក ឱ្យប្រជាកសិករប្រើប្រាស់ទឹក ដោយសន្សំចៃ ក្នុងការបង្កបង្កើនផលស្រូវ ព្រោះដើម្បីទប់ស្កាត់ការខូចខាតស្រូវ របស់ពួកគាត់ដែលអាចបណ្តាលមកពីការកង្វះទឹក ។

ការឆ្លើយតប របស់ក្រសួងធនធានទឹកនេះ បន្ទាប់ពីវិទ្យុបរទេស ផ្សាយជាខេមរភាសាបានផ្សព្វផ្សាយថា “ប្រជាកសិករមួយចំនួន រិះគន់រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយមថា គ្មានវិធានការ ជាក់លាក់ជួយដោះស្រាយបញ្ហាខ្វះខាតទឹកធ្វើស្រែចម្ការ តែបែរជាឱ្យពលរដ្ឋ ផ្អាកធ្វើស្រែចម្ការ របរចិញ្ចឹមជីវិត របស់ពួកគាត់ទៅវិញ” ។ ប៉ុន្តែការផ្សាយហាក់ឃ្លាតឆ្ងាយពីខ្លឹមសារដើមរបស់លោករដ្ឋមន្រ្តី ថោ ជេដ្ឋា ព្រោះ កាលពីថ្ងៃ១ មីនា រដ្ឋមន្រ្តី បានអំពាវនាវឱ្យពលរដ្ឋធ្វើស្រែរដូវប្រាំង ត្រូវតាមដានព័ត៌មាន និងស្ដាប់តាមការណែនាំរបស់ក្រសួងពាក់ព័ន្ធ ដើម្បីបង្ការការខូចខាតស្រូវ រដូវប្រាំង ដោយសារតែខ្វះទឹកប្រើប្រាស់ ។

តាមរយៈសេចក្តីបំភ្លឺព័ត៌មានរបស់ក្រសួងនាថ្ងៃ៤ មីនានេះ បានឲ្យដឹងថា ដោយពិនិត្យឃើញការដាំដុះស្រូវ ប្រាំងមានការកើនឡើងជាបន្តបន្ទាប់ ទន្ទឹមនឹងប្រភពទឹក ដែលបានរក្សាទុកកាលពីចុងរដូវវស្សា ប្រមាណ៤ពាន់លាន​ម៉ែត្រគូប ត្រូវបានប្រើប្រាស់ស្ទើរអស់ ដោយរក្សាទុក១០% សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ នារដូវប្រាំងនេះ រដ្ឋមន្ត្រីក៏បានផ្ញើសារអំពាវនាវ ទៅដល់ប្រជាកសិករ សុំឱ្យមានការប្រើប្រាស់ទឹកមានការសន្សំសំចៃ ហើយកុំបន្តបង្កបង្កើនផល ស្រូវប្រាំងបន្ថែមទៀត ព្រោះអាចនាំឱ្យមានការប្រឈម ទៅនឹងការខូចខាត។

សេចក្តីបំភ្លឺបន្តថា “សេចក្តីអំពាវនាវ របស់ឯកឧត្តមរដ្ឋមន្ត្រីគឺក្នុងគោលបំណង ដើម្បីជួយទប់ស្កាត់ការខូចខាតរបស់បងប្អូនប្រជាពលរដ្ឋ បែរជាត្រូវបានវិទ្យុនៅឯបរទេស មួយយកទៅបំភ្លៃក្នុងចេតនា ទុច្ចរិត បំភាន់មតិសាធារណៈ ផ្ទុយពីខ្លឹមសារ និងគោលបំណងដើមទាំងស្រុង របស់ឯកឧត្តមរដ្ឋមន្ត្រីទៅវិញ ដែល ប្រការនេះធ្វើឱ្យមានការយល់ច្រឡំ នៅក្នុងសាធារណមតិ”

ក្រសួងធនធានទឹក បញ្ជាក់ថា ជានិច្ចកាល រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ ខ្ពស់លើការដោះស្រាយទឹក ដើម្បីបម្រើដល់ការងារបង្កបង្កើន ផលរបស់ពលរដ្ឋ ក៏ដូចជាសម្រាប់វិស័យផ្សេងទៀតដែរ ។ ជាក់ស្តែងនាពេលបច្ចុប្បន្ននេះក្រសួងបាននិងកំពុងបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ក៏ដូចជាការកសាងអាងទឹកធំៗបន្ថែមដូចជា ៖ អាងទឹកដងកាំបិត ស្ថិតក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលមាន សមត្ថភាពស្តុកទឹកប្រមាណ ៣០០លានម៉ែត្រគូប , អាងទឹកជូនទ្រ ស្ថិតនៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង មាន សមត្ថភាពស្តុកទឹកប្រមាណ ១៦០លានម៉ែត្រគូប ដោយឡែក បណ្តាអាងទឹកមួយចំនួនទៀត បាននិងកំពុងធ្វើ ការសិក្សាលម្អិត និងដំណើរការនីតិវិធីជ្រើសរើសក្រុមហ៊ុន សម្រាប់ធ្វើការសាងសង់។

ជាមួយគ្នានេះដែរ ក្រសួងក៏បានគូសបញ្ជាក់ដែរ ការងារបង្កបង្កើនផល ជាពិសេសស្រូវប្រាំង របស់ប្រជាកសិករ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងនៅក្នុងរដូវប្រាំងនាឆ្នាំ១៩៩៩-២០០០ កម្ពុជា មានការដាំដុះស្រូវប្រាំងប្រមាណ១០ម៉ឺនហិកតា ប៉ុន្តែចូលមកដល់រដូវប្រាំងឆ្នាំ២០២៤-២០២៥នេះ ការដាំដុះ ស្រូវប្រាំងនៅកម្ពុជាបានកើនឡើង រហូតដល់ទៅជាង៩០ម៉ឺនហិកតា ដែលនៅក្នុងនោះមានទីតាំងខ្លះបានដាំដុះមួយដង ទីតាំងមួយចំនួនមានការដាំដុះស្រូវប្រាំងលើកទីពីរ និងមួយចំនួនទៀត ឈានទៅការដាំដុះស្រូវប្រាំងលើកទីបីផងដែរ ៕

To Top