ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនធំៗ របស់កូរ៉េខាងត្បូង នៅក្នុងប្រទេសកាណាដា និង ម៉ិកស៊ិក កំពុងប្រឈមនឹង ការដាក់ពន្ធគយ របស់អាមេរិក

Yonhap News

សេអ៊ូល៖ ក្រុមហ៊ុនកូរ៉េខាងត្បូង ដែលមានអាជីវកម្ម នៅក្នុងប្រទេសកាណាដា និងម៉ិកស៊ិក កំពុងប្រឈមមុខនឹងផែនការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដាក់ពន្ធលើទំនិញពីប្រទេសជិត ខាងទាំងពីរ ដែលចាប់ផ្តើមសប្តាហ៍នេះ នេះបើតាមអ្នកសង្កេតការណ៍ ឧស្សាហកម្មបានកត់ សម្គាល់កាលពីថ្ងៃអង្គារ។

លោក ត្រាំ បានឲ្យដឹងថា រដ្ឋបាលរបស់លោក នឹងចាប់ផ្តើមដំឡើងពន្ធ ២៥ ភាគរយលើទំនិញកាណាដា និង ម៉ិកស៊ិក ចាប់ពីថ្ងៃអង្គារនេះ ខណៈដែលលោកបានចង្អុលបង្ហាញថា មិនមានកន្លែង សម្រាប់ប្រទេសទាំងពីរ ដើម្បីពន្យារពេលកាតព្វកិច្ច ដែលបានគ្រោងទុកនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានយុនហាប់។

ពាណិជ្ជកម្មទ្វេភាគីរបស់កូរ៉េខាងត្បូងជាមួយកាណាដា និងម៉ិកស៊ិកបានកើនឡើងដល់ ១៤,៦២ ពាន់លានដុល្លារ និង ១៩,៨ ពាន់លានដុល្លាររៀងគ្នាក្នុងឆ្នាំ ២០២៣ នេះបើយោងតាមទិន្នន័យពីក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល។ យោងតាមក្រុមហ៊ុនទិន្នន័យសាជីវកម្មក្នុងស្រុក Korea CXO Institute ក្រុមហ៊ុនសាជីវកម្មកូរ៉េខាងត្បូងចំនួន ២៥ បានដំណើរការក្រុមហ៊ុន បុត្រសម្ព័ន្ធចំនួន ២០១ រួមបញ្ចូលគ្នានៅក្នុងប្រទេសទាំងពីរ គិតត្រឹមចុងឆ្នាំ២០២៤។

គួរបញ្ជាក់ថា ក្នុងចំណោមពួកគេ ក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ១១០ មានទីតាំងនៅប្រទេសកាណាដា និង ៩១ នៅក្នុងប្រទេសម៉ិកស៊ិក ដោយក្រុមហ៊ុន Samsung Group នាំមុខគេជាមួយនឹងអង្គភាពចំនួន ៥០ នៅក្នុងប្រទេសកាណាដា និង ១៨ នៅម៉ិកស៊ិក។ ក្រុមហ៊ុន Hyundai Motor Group ប្រតិបត្តិការក្រុមហ៊ុនបុត្រសម្ព័ន្ធ ១៦ និង ១២ នៅម៉ិកស៊ិក និងកាណាដារៀងៗខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top