ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន ណែនាំឱ្យបន្តពង្រឹងមុខងារ និងសមត្ថភាព មណ្ឌលសុខភាព ឱ្យកាន់តែរឹងមាំ

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំមន្ដ្រីសុខាភិបាល បន្តពង្រឹងមុខងារ និងសមត្ថភាពមណ្ឌល សុខភាពឱ្យកាន់តែរឹងមាំ ក្នុងការផ្តល់សេវាអប់រំសុខភាព សេវាបង្ការជំងឺ និងសេវាព្យាបាល ដែលមានគុណភាព និងសុវត្ថិភាព។

នាឱកាសអញ្ជើញជាតំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងពិធីបិទ សន្និបាតសុខាភិបាលលើកទី៤៤ ស្តីពី «សមិទ្ធផល និងវឌ្ឍនភាពវិស័យសុខាភិបាល ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ និងឆ្នាំបន្ត» នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានថ្លែងថា «សូមផ្តល់អនុសាសន៍ និងធាតុចូលបន្ថែម ដល់ក្រសួងសុខាភិបាល រដ្ឋបាលរាជធានី-ខេត្ត ក្រសួង/ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងមុខងារ និងសមត្ថភាពមណ្ឌលសុខភាពឱ្យកាន់តែរឹងមាំ ក្នុងការផ្តល់សេវាអប់រំសុខភាព សេវាបង្ការជំងឺ និងសេវាព្យាបាលដែលមានគុណភាព និង សុវត្ថិភាព ដើម្បីប្រជាជនមូលដ្ឋាន ទទួលបាននូវសេវាថែទាំសុខភាព ស្របតាមលក្ខខ័ណ្ឌ បច្ចេកទេស ស្ថានភាពភូមិសាស្រ្ត និងហិរញ្ញវត្ថុ និយាមវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ព្រមទាំងរក្សាទំនាក់ទំនង ជិតស្និទ្ធជាមួយប្រជាជន មូលដ្ឋាន និងជំរុញការចូលរួមរបស់សហគមន៍» ។

លោកឧបនាយករដ្ឋមន្រ្តី បន្ថែមថា បន្តពង្រឹងសមត្ថភាព បច្ចេកទេសនៃមន្ទីរពេទ្យបង្អែកស្រុក ឱ្យក្លាយជាបង្អែកដ៏រឹងមាំរបស់មណ្ឌលសុខភាព ដូចនេះមន្ទីរពេទ្យស្រុកត្រូវមានសមត្ថភាពបច្ចេកទេស សមស្របតាមនិយាមស្តង់ដា ដើម្បីគ្រប់គ្រងករណីអ្នកជំងឺ ឬជនរងគ្រោះ ដែលបានបញ្ជូនមកពី មណ្ឌលសុខភាព ជាពិសេសករណីសង្គ្រោះបន្ទាន់ ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យបង្កើនការយល់ដឹងរបស់ប្រជាជន យុវជន និងកុមារ ក្នុងការបង្ការហានិភ័យនៃជំងឺ ជាពិសេសជំងឺមិនឆ្លង និងការប្រតិបត្តិការផ្លាស់ប្តូរឥរិយាបថហានិភ័យសុខភាព តាមរយៈការអប់រំ សុខភាពក្នុងមូលដ្ឋានសុខាភិបាល ការចុះផ្តល់សេវាសុខភាពតាមសហគមន៍ និងតាមយន្តការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ ។

លើសពីនេះ បញ្រ្ជាបសារអប់រំសុខភាពប្រកប ដោយនវានុវត្តន៍ ឱ្យច្រើននៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ដើម្បីបណ្តុះអក្ខរកម្មសុខភាពដល់កុមារ និងយុវជនក្នុងវ័យសិក្សា ឱ្យប្រតិបត្តិឥរិយាបថល្អ ចំពោះសុខភាព ហើយអាចក្លាយជាទម្លាប់ល្អ ពេញមួយជីវិតរស់នៅ តាមរយៈការលើកកម្ពស់កិច្ចសហការ រវាងក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសរវាងមណ្ឌលសុខភាព និងសាលារៀន៕

To Top