វៀតណាម ៖ ស្ត្រីជនជាតិវៀតណាមម្នាក់វ័យ ២១ ឆ្នាំម្នាក់បានសន្លប់ភ្លាមៗ បន្ទាប់ពីនាងបានលេបថ្នាំសម្រកទម្ងន់ ដែលទិញតាមបណ្តាញសង្គម TikTok ក្រោយមកគ្រូពេទ្យបានរកឃើញថា នាងត្រូវបំពុលនឹងថ្នាំ សម្រកទម្ងន់ Sibutramine មានសារធាតុហាមឃាត់ ដែលបណ្តាលឲ្យរូបនាង មានបញ្ហាញផ្នែកខួរក្បាលយ៉ាងធ្ងន់ធ្ងរ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។
ស្ត្រីរូបនេះពីមុនមាន សុខភាពធម្មតា ប៉ុន្តែក្រោយពីនាងបានប្រើប្រាស់ផលិតផល សម្រកទម្ងន់បានផុតកំណត់ ប្រហែលមួយខែហើយ ។ ផលិតផលមានស្លាកជា ភាសាបរទេសដោយគ្មានការណែនាំពីវៀតណាម ត្រូវបានផ្សព្វផ្សាយជាភាសាអង់គ្លេស ដើម្បីជួយអ្នកប្រើប្រាស់អាចស្រកទម្ងន់បាន ៧ គីឡូក្នុងរយៈពេល៧ថ្ងៃ ។
អ្នកតំណាងមន្ទីរពេទ្យបានរាយការណ៍ថា ក្រុមគ្រួសាររបស់នាង បានប្រទះឃើញនាងសន្លប់ ហើយបញ្ជូននាងទៅកាន់មន្ទីរពេទ្យ Bach Mai ក្នុងទីក្រុងហាណូយ ដើម្បីព្យាបាលជាបន្ទាន់ ក្រោយពីធ្វើការស្កែនក៏បានបង្ហាញថា មានការខូចខាតយ៉ាងធ្ងន់ធ្ងរនៃផ្នែកទាំង២នៃខួរក្បាលរបស់នាង។
បន្ទាប់មក មជ្ឈមណ្ឌលគ្រប់គ្រងជាតិពុលរបស់មន្ទីរពេទ្យ បានបញ្ជូនគំរូថ្នាំសម្រកទម្ងន់ ទៅកាន់វិទ្យាស្ថានជាតិ គ្រប់គ្រងអាហារបញ្ជាក់ថា ថ្នាំគ្រាប់នេះមានផ្ទុក Sibutramine ជាថ្នាំប្រើដើម្បីស្រកទម្ងន់ ប៉ុន្តែក្រោយមកត្រូវបានហាមឃាត់ ដោយសារតែហានិភ័យ នៃការពុលបង្កឲ្យមាន ដាច់សរសៃ ឈាមខួរក្បាល និងជំងឺសរសៃឈាមបេះដូង។
បន្ទាប់ពីដឹងខ្លួនឡើងវិញ អ្នកជំងឺបានបង្ហើបថា នាងបានទិញថ្នាំ តាមបណ្តាញសង្គម TikTok ហើយបានលេបមួយគ្រាប់ ជារៀងរាល់ថ្ងៃអស់រយៈពេល ជាងមួយខែ ខណៈនាងកំពុងតមអាហារអាចធ្វើឲ្យនាងស្រកបាន ៤ទៅ៥ គីឡូក្រាម។
លោក Nguyen Trung Nguyễn នាយកមជ្ឈមណ្ឌលគ្រប់គ្រង ជាតិពុលរបស់មន្ទីរពេទ្យ បានមានប្រសាសន៍ថា ទោះបីជា Sibutramine ធ្លាប់ត្រូវបានប្រើប្រាស់យ៉ាង ទូលំទូលាយសម្រាប់ការព្យាបាល ការធាត់ក៏ដោយ វាត្រូវបានហាមឃាត់នៅអាមេរិក អឺរ៉ុប និងវៀតណាម ដោយសារតែហានិភ័យបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ ។ ការសិក្សាទ្រង់ទ្រាយធំបានបញ្ជាក់ថា ថ្នាំនេះបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងផលវិបាកធ្ងន់ធ្ងរ នៃប្រព័ន្ធសរសៃឈាមបេះដូង ៕
