ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានដាក់ចេញអភិក្រមច្បាស់លាស់ មួយចំនួនសម្រាប់មន្ត្រីអ្នកនាំពាក្យ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធទាំងអស់អនុវត្តជាប្រចាំ នៅក្នុងសមរភូមិព័ត៌មាន និងសាធារណមតិ ដើម្បីការពារសុខសន្តិភាព ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាការពារសមិទ្ធផលដ៏ធំធេង របស់រាជរដ្ឋាភិបាល ចេញពីការមួលបង្កាច់ របស់ក្រុមប្រឆាំងជ្រុលនិយម។
អភិក្រមទាំងនោះមានដូចជា «បើគេបំផ្លើសបំភ្លៃ យើងបំភ្លឺ បើគេប្រឌិត យើងយកការពិតមកបន្សាប»។

ការលើកឡើងរបស់ លោក ប៉ែន បូណា បានធ្វើឡើងក្នុងឱកាសដែលលោក បានអញ្ជើញធ្វើជាអធិបតី និងជាវាគ្មិន ក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅសាលាខេត្តត្បូងឃ្មុំ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានពន្យល់ថា នៅក្នុងបរិបទ នៃការរីកចម្រើនបច្ចេកវិទ្យាឌីជីថល ក្រុមប្រឆាំងជ្រុលនិយម ដែលមិនបានសាង សមិទ្ធផលអ្វីបន្តិចសោះ ដើម្បីប្រទេសជាតិ និងប្រជាពលរដ្ឋ តែបែរជាប្រើប្រាស់ព័ត៌មាន ប្រឌិតក្លែងក្លាយ មួលបង្កាច់ ញុះញង់ បំផ្លើសបំភ្លៃជាអាវុធ យុទ្ធសាស្ត្រ ដើម្បីបង្ខូចបង្កាច់ រាជរដ្ឋាភិបាលទៅវិញ ។ លោក បន្តថា ប្រឈមមុខនឹងនយោបាយទុច្ចរិតបែបឈ្នានីសដ៏ស្មោគគ្រោកនេះ យើងទាំងអស់គ្នា ដែលជាអ្នកធ្វើការ លើវិស័យព័ត៌មាន និងសាធារណមតិ ត្រូវតែរួសរាន់បំភ្លឺ ចំពោះព័ត៌មានបំផ្លើសបំភ្លៃ និងបន្សាបព័ត៌មានប្រឌិត ទាំងឡាយដោយមិន ទុកលំហ ឱ្យក្រុមជ្រុលនិយមទាំងនោះ ចូលមកបំពុលសង្គមជាដាច់ខាត។

បើតាមអ្នកនាំពាក្យ រាជរដ្ឋាភិបាល មានតែការពិតទេ ដែលជាឱសថស ម្រាប់បន្សាប ព័ត៌មានក្លែងក្លាយ ប្រកបដោយប្រសិទ្ធភាព ដើម្បីកុំឱ្យប្រជាពលរដ្ឋ យល់ច្រឡំ និងជឿតាមការឃោសនាភូតកុហក របស់ក្រុមប្រឆាំង ជ្រុលនិយមមួយក្តាប់តូច ដែលរត់គេចពីសំណាញ់ច្បាប់កម្ពុជា ទៅរស់នៅឯក្រៅប្រទេស ហើយដែលកំពុងប្រើប្រព័ន្ធបច្ចេកវិទ្យា ឌីជីថល ដើម្បីបម្រើនយោបាយបដិវត្តន៍ពណ៌ ដោយប៉ុនប៉ងផ្សងព្រេងផ្តួល រំលំរាជរដ្ឋាភិបាលស្របច្បាប់ ។

ទន្ទឹមនឹងនោះ លោក ប៉ែន បូណា ក៏លើកទឹកចិត្តឱ្យអ្នកនាំពាក្យ មន្ត្រីទទួលបន្ទុកព័ត៌មាននិងមន្ត្រី អាជ្ញាធរពាក់ព័ន្ធទទួលយកមតិរិះគន់បែបស្ថាបនា ក៏ដូចជាសំណូមពរនានារបស់ប្រជាពលរដ្ឋ មកដោះស្រាយក្រោមអភិក្រម «កុំបដិសេធបញ្ហាពិត តែត្រូវពិនិត្យ និងរកដំណោះស្រាយ»។ អភិក្រមនេះ ក៏មានសារសំខាន់ មិនអាចមើលរំលងបាន សម្រាប់មន្ត្រីអាជ្ញាធរ ក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ ៕


