ព័ត៌មានជាតិ

ឆ្នាំ២០២៤ អាជ្ញាធរផ្សព្វផ្សាយ ការលើកកម្ពស់ ការយល់ដឹង ពីបញ្ហាគ្រឿងញៀនជាង ១៤ម៉ឺនលើក

ភ្នំពេញ ៖ ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានសហការជាមួយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួង ស្ថាប័នពាក់ព័ន្ធ និងគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀន រាជធានី ខេត្ត ផ្សព្វផ្សាយអប់រំលើកកម្ពស់ ការយល់ដឹងអំពីបញ្ហា គ្រឿងញៀនបានចំនួន ១៤៦.៥៦៦លើក អ្នកចូលរួមសរុប ចំនួន២៤.៤៦៤.០៦០អង្គ/នាក់ ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ផ្អែកតាមព័ត៌មានជំនាញ និងការស្រាវជ្រាវ ស៊ើបអង្កេត ឆ្នាំ២០២៤កន្លងទៅ សមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនបានចំនួនជាង៤ពាន់ករណី និងឃាត់ខ្លួនមនុស្សជាង១ម៉ឺននាក់ បើធៀបទៅនឹងចំណុចដៅ ដែលកំណត់ គឺស្ថិតក្នុងកម្រិតល្អប្រសើរ ដ្បិតតែចំនួននៃករណីបង្ក្រាបមានកំណើនជាងឆ្នាំ២០២៣។

អ្នកនាំពាក្យរង បន្តទៀតថា ដើម្បីឆ្លើយតបស្ថានភាពជាក់ស្តែង ក៏ដូចជាដើម្បីពង្រឹងប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្រសួងមហាផ្ទៃបានរៀបចំកែសម្រួលភារកិច្ច និងសមាសភាពនៃគណៈ កម្មាធិការសម្របសម្រួល ជំរុញអនុវត្ត និងត្រួតពិនិត្យការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ឡើងវិញ ព្រមទាំងរៀបចំដាក់ឱ្យអនុវត្តផែនការសកម្មភាព និងធ្វើការផ្សព្វផ្សាយ ជូនដល់សមាសភាព ពាក់ព័ន្ធនៅក្រោមឱវាទក្រសួងមហាផ្ទៃ សរុបចំនួន៤៥០រូប ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍ស្ដីពី លទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥របស់ក្រសួងមហាផ្ទៃ សមត្ថកិច្ចបង្ក្រាបករណីគ្រឿងញៀន ចំនួនជាង៤ពាន់ករណី សារធាតុញៀនចំនួនជាង៥តោន ឃាត់ខ្លួនបានចំនួនជាង១ម៉ឺននាក់ ជនបរទេសជាង៤រយនាក់ ។ ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី បានបន្តយកចិត្តទុកដាក់ជាអាទិភាព លើការប្រយុទ្ធប្រឆាំង គ្រឿងញៀន ខុសច្បាប់ ទន្ទឹមគ្នានឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដែលនិយាយអំពីបញ្ហាគ្រឿងញៀន ដូចគ្នានេះដែរ៕

To Top