ប៉េកាំង៖ បំណុលរដ្ឋាភិបាលថ្មី របស់ប្រទេសចិន នឹងមានចំនួនសរុប ១១.៨៦ ទ្រីលានយន់ (ប្រហែល ១.៦៦ ទ្រីលានដុល្លារ) នៅឆ្នាំ២០២៥ កើនឡើង ២.៩ ទ្រីលានយន់កាលពីឆ្នាំមុន ដែលអនុញ្ញាតឱ្យមានកម្រិតខ្ពស់ នៃការចំណាយសារពើពន្ធបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
ទោះបីជាយ៉ាងនេះក្ដី ប្រទេសចិន បានប្រកាសពីការបង្កើនកញ្ចប់ថវិកា ៧,២ភាគរយ នៅក្នុងថវិកា ការពារជាតិឆ្នាំ២០២៥ របស់ខ្លួន ដែលការចំណាយលើ វិស័យការពារជាតិ ដែលបានគ្រោងទុក របស់ប្រទេសនឹងមានចំនួន ១.៧៨៤៦៦៥ ពាន់ពាន់លានយន់ (ប្រហែល ២៤៩ ពាន់លានដុល្លារអាមេរិក) នៅឆ្នាំនេះ នេះបើយោងតាមសេចក្តីព្រាងរបាយការណ៍ថវិកា ដែលបានដាក់ជូនសភាជាតិ ដើម្បីធ្វើការសម្រេចចិត្ត។
នៅក្នុងនោះដែរប្រទេសចិន ក៏បានកំណត់គោលដៅកំណើន ផលិតផលក្នុងស្រុកសរុបរបស់ខ្លួននៅប្រហែល ៥ ភាគរយសម្រាប់ឆ្នាំ២០២៥ ក្នុងអំឡុងពេលបើកសម័យប្រជុំសភា ប្រចាំឆ្នាំ របស់ខ្លួន ដោយរក្សាបាននូវគោលដៅ ដូចគ្នាសម្រាប់ឆ្នាំទី ៣ ជាប់ៗគ្នា ទោះបីជាមានបញ្ហា ប្រឈមដូចជាភាពតានតឹង ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកក៏ដោយ។
កាលពីឆ្នាំមុនផលិតផល ក្នុងស្រុកសរុប GDP របស់ប្រទេសចិនបានកើនឡើង ៥ ភាគរយពិតប្រាកដពីឆ្នាំ២០២៣ ដោយសារវិធានការជំរុញ ដែលបានអនុវត្តចាប់ពីខែកញ្ញា បានជួយកាត់បន្ថយវិបត្តិវិស័យអចលនទ្រព្យ ដែលអូសបន្លាយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ប្រទេសចិន នឹងបង្កើនការចំណាយយោធារបស់ខ្លួននៅឆ្នាំ២០២៥ ដល់ ១.៧៨ ពាន់ពាន់លានយន់ (២៥០ ពាន់លានដុល្លារ) ដែលជាការកើនឡើង ៧.២ ភាគរយពីឆ្នាំមុន នេះបើយោងតាមប្រភពដែលដឹងពីបញ្ហានេះ។ អត្រាកំណើន គឺដូចគ្នាទៅនឹងការពង្រីកពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងឆ្នាំ២០២៤៕
ប្រែសម្រួល ឈូក បូរ៉ា
