ព័ត៌មានជាតិ

មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពអតីតអនុប្រធាន មន្ទីរផែនការ ខេត្តកំពង់ធំ !

កំពង់ធំ:នៅព្រឹកថ្ងៃទី០៥ ខែមីនា  ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ បានដឹកនាំសហការី ទៅគោរពវិញ្ញាណក្ខន្ធសពលោក ជូ ប៊ុនរ៉ី អតីតអនុប្រធានមន្ទីរផែនការខេត្តកំពង់ធំ ដែលបានទទួលមរណភាព នៅថ្ងៃអង្គារ ៦កើត ខែផល្លុន ឆ្នាំរោង ឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង៥:០០នាទីល្ងាច ក្នុងជន្មាយុ៦៦ឆ្នាំដោយរោគាពាធ ដែលពិធីនេះ ប្រព្រឹត្តទៅនៅគេហដ្ឋាន នៃសពស្ថិតនៅភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន  ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លោក ជូ ប៊ុនរ៉ី ធ្លាប់ជាអនុប្រធានមន្ទីរ និងជាអនុប្រធានកម្លាំងស្វ័យការពារ របស់មន្ទីរផែនការ ខេត្តកំពង់ធំ ក្នុងទសវត្សរ៍ទី៨០និងទី៩០ ហើយជាមន្ត្រី ដែលមានគុណធម៌ ជាយុទ្ធមិត្តរួមការងារដ៏ល្អ  និងក្លាហានក្នុងភារកិច្ចការ សហការជាមួយអង្គភាព យោធាខេត្តកំពង់ធំ ចូលរួមចំណែកការពារខ្សែត្រៀម ដែលជាខ្សែក្រវ៉ាត់ទីរួមខេត្ត​ ដើម្បីទប់ស្កាត់ការវាយចូលទីរួមខេត្តកំពង់ធំ ដោយកម្លាំងក្រុមខ្មែរក្រហម និងសម្ព័ន្ធមិត្តក្នុងសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យ ចំពោះការបាត់បង់ លោក ជូ ប៊ុនរ៉ី ដែលជាអតីតមន្ត្រី និងជាធនធាន មនុស្សដ៏ល្អ​ មាន​សមត្ថភាព​និង​មាន​គុណធម៍​ របស់ខេត្តកំពង់ធំ និងបានសូមបួងសួងឲ្យវិញ្ញាណក្ខន្ធគាត់ បានទៅកាន់សុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ។​

នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  និង​សហការី​ ក៏បានសំណេះសំណាល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារសព និងបានចូលរួមឧបត្ថម្ភ ថវិកាមួយចំនួន ក្នុងពិធីបុណ្យសពនេះផងដែរ  ព្រមទាំងបានសូមជូនពរ ដល់ក្រុមគ្រួសារសពសូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយសំនៀង

To Top