ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាខ្ពស់ក្នុងការខិតខំប្រឹងប្រែងគាំទ្រដល់ការវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ច ជាមធ្យមយ៉ាងតិច ៦%ក្នុងមួយឆ្នាំ។
ក្នុងពិធីទទួលស្វាគមន៍ និងជំនួបផ្គូផ្គងធុរកិច្ច គណៈប្រតិភូវិនិយោគជប៉ុននៅកម្ពុជា នៅថ្ងៃទី៥ មីនា នេះ លោក វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំនៅរាជធានីភ្នំពេញ ដែលបានជួយសម្របសម្រួលពាណិជ្ជកម្មកម្ពុជា-ជប៉ុន តាមរយៈការរៀបចំព្រឹត្ដិការណ៍សំខាន់ៗ ដូចជា ពិព័រណ៍ពាណិជ្ជកម្ម ការបណ្ដុះបណ្ដាល និងកម្មវិធីទំនាក់ទំនងនិងផ្គូផ្គងក្រុមហ៊ុនរវាងប្រទេសទាំងពីរ ដែលបានរួមចំណែកនាំឱ្យប្រទេសជប៉ុនក្លាយជា ដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់កម្ពុជា និងមានការបន្តកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី និងចំនួនវិនិយោគិនជប៉ុននៅកម្ពុជា។
ជាមួយគ្នានេះ លោក វង្សី វិស្សុត គូសរំលេចថា ក្នុងរយៈពេលជិត ៤ទសវត្សរ៍ចុងក្រោយនេះ ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ជាពិសេសក្រោមក្របខ័ណ្ឌជំនួយអភិវឌ្ឍន៍ រដ្ឋាភិបាលជប៉ុនបានដើរតួយ៉ាងសំខាន់ក្នុងការ កសាងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈសំខាន់ៗ, និងរួមចំណែកពង្រឹងវិស័យអប់រំ, វិស័យច្បាប់និងយុត្តិធម៌, អភិបាលកិច្ច និងការលើកកម្ពស់សុខុមាលភាពប្រជាជន ជាដើម។
ជាមួយគ្នានេះ លោកវង្សី វិស្សុត ក៏បានគូសរំលេចនូវសក្ដានុពល និងកិច្ចខិត្តខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលក្នុងការគាំទ្រធុរកិច្ច វិនិយោគ និងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ សម្រាប់ឆ្នាំ២០២៥ កម្ពុជារំពឹងថា នឹងបន្ដរក្សាកំណើនសេដ្ឋកិច្ចប្រមាណ៦,៣% ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់ទទួលរងនូវភាពមិនប្រាកដប្រជាខ្ពស់ និងភាពស្មុគស្មាញកាន់តែច្រើនឡើងៗ ក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយ ពាណិជ្ជកម្ម និងស្ថានភាពហិរញ្ញវត្ថុ។
លោកថា «ក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានការប្តេជ្ញាខ្ពស់ក្នុងការខិតខំប្រឹងប្រែងគាំទ្រដល់ការវិនិយោគ និងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យមយ៉ាងតិច៦% ក្នុងមួយឆ្នាំ ក្នុងរយៈពេលវែងទៅមុខ ដោយបានដាក់ចេញនូវ វិធានការកែទម្រង់បញ្ហារចនាសម្ព័ន្ធ ក្នុងវិស័យភ័ស្តុភារកម្ម អគ្គិសនី ជំនាញវិជ្ជាជីវៈជាដើម ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់វិនិយោគិន លើកកម្ពស់ប្រសិទ្ធភាពការងារ ភាពប្រកួតប្រជែង និងបង្កើតបរិយាសកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគ»។
លោក វង្សី វិស្សុត បានលើកទឹកចិត្តឱ្យអង្គការ JETRO និងសមាគមទាំងពីរបន្តពង្រឹងបេសកកម្មរបស់ខ្លួន ដើម្បីជាប្រយោជន៍ដល់កិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត៕








