ភ្នំពេញ៖ អ្នកជំនាញមកពីប្រទេសអូស្ត្រាលី តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញទស្សនកិច្ច និងពិនិត្យលើវឌ្ឍនភាព នៃដំណើរការសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ និងបានកត់សម្គាល់ឃើញថា ប្រព័ន្ធសុវត្ថិភាពការងារ នៅក្នុងដំណើរការ សាងសង មានកម្រិតស្តង់ដារខ្ពស់ ខណៈដែលគិតមកទល់ពេលនេះ សម្រេចបានប្រមាណជា៩៥% មកហើយ តែមិនមានគ្រោះថ្នាក់ អ្វីមួយកើតឡើង លើក្រុមការងារសាងសង់ឡើយ ។

តាមការលើកឡើង របស់ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានឱ្យដឹងថា ជំនាញការ ដែលបានអញ្ជើញមកនាឱកាសនេះ បានសហការជាមួយខាងក្រសួងសាធារណការ ដោយផ្តោតទៅលើសុវត្ថិភាព សុខភាព និងការងារ សម្រាប់បុគ្គលិក និងកម្មករទាំងមូល ។ ក្នុងនោះអ្នកជំនាញការអូស្ត្រាលី បានមកពិនិត្យជាក់ស្តែង នៅអាកាសយានដ្ឋាន អន្តរជាតិតេជោ ដោយពិនិត្យឃើញថា សុវត្ថិភាពការងារ ដែលបានរៀបចំ នៅក្នុងការដ្ឋានសាងសង់ អាកាសយានដ្ឋាន អន្តរជាតិតេជោ ប្រព្រឹត្តទៅស្រប តាមស្តង់ដារខ្ពស់ និងមានកម្រិត សុវត្ថិភាពខ្ពស់ គួរឱ្យកត់សម្គាល់ ។
លោកឧកញ៉ា ឆារស៍ វ៉ាន់ គូសបញ្ជាក់ថា សមទ្ធផលទាំងនេះ កើតឡើងដោយសារ ថ្នាក់ដឹកនាំ បានយកចិត្តទុកដាក់លើផ្នែកកម្មករ ដែលធ្វើការនៅក្នុងការដ្ឋានអន្តរជាតិតេជោ ដោយបានដាក់គោលដៅពីថ្ងៃដំបូង ធ្វើយ៉ាងណាឱ្យការដ្ឋានក្លាយជាការដ្ឋានគ្មានគ្រោះថ្នាក់ ឬZero Accident ដែលសំដៅទៅដល់ការបង្ការ មិនឱ្យមានហានិភ័យ ទៅលើកម្មករទាំងអស់គ្នា ដែលបម្រើការក្នុងការដ្ឋានគ្រប់ផ្នែកទាំងអស់ ។

លោកឧកញ៉ា ឆារស៍ វ៉ាន់ មានប្រសាសន៍ថា “យើងនឹងមិនឱ្យមានហានិភ័យ ទៅលើកម្មករ យើងទាំងអស់នេះ ដែលធ្វើការក្នុងនេះទេ ដូច្នេះហើយគឺ យើងរៀបចំយ៉ាងខ្ពស់ ហើយបានផ្តល់នៅក្នុងការហ្វឹកហាត់ពួកគាត់មុន នឹងចូលការដ្ឋាន យើងមានបង្រៀនពួកគាត់ មុនចូលការដ្ឋាន ត្រូវស្លៀកពាក់យ៉ាងដូចម្តេច ត្រូវមានឧបករណ៍ សម្ភារៈអ្វីខ្លះ ដើម្បីការពារនៅក្នុងសុវត្ថិភាពរបស់គាត់ នៅក្នុងដែលគាត់បម្រើនៅក្នុងទីនេះ ។ ដូច្នេះយើងបានចាត់ចែងហើយយើងបានកំណត់ គឺ Zero នៅក្នុងហានិភ័យ មិនមាននៅក្នុងការគ្រោះថ្នាក់អ្វីទាំងអស់ នៅក្នុងការដ្ឋាននេះ ដូច្នេះពីដើមទីទល់ពេលនេះ គឺយើងបានធ្វើជោគជ័យហើយ” ។
ក្នុងនោះដែលអ្នកជំនាញការមកពីប្រទេសអូស្ត្រាលី បន្ទាប់ពីបានពិនិត្យផ្ទាល់ហើយនោះ ពួកគេក៏បានបង្ហាញអារម្មណ៍រំភើបសប្បាយចិត្ត ដោយមិននឹកស្មានថា ប្រទេសកម្ពុជារបស់ មានស្តង់ដារកម្ពស់ដល់កម្រិតនេះទេ។
តាមការបញ្ជាក់ របស់ លោកឧកញ៉ា បុគ្គលិក កម្មករ ដែលបម្រើការ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ មានចំនួន ពី១៥០០នាក់ ដល់ទៅ ១៧០០នាក់ ក្នុងនោះបុគ្គលិក វិស្វករ និងកម្មករ ជាជនជាតិខ្មែរ មានប្រមាណជា៩០% ដោយឡែក១០%ទៀត ជំនាញការមកពីប្រទេសផ្សេងៗចម្រុះជាតិសាសន៍ ។ បន្ថែមលើនេះ លោកឧកញ៉ា គូសបញ្ជាក់ថា ការមានជំនាញការពីបរទេសបន្ថែមនេះ ក៏បានផ្តល់ឱកាសដល់បុគ្គលិក វិស្វករ និងកម្មករខ្មែរ អាចរៀនសូត្របន្ថែម ពីជំនាញការបរទេសទាំងនោះផងដែរ ។

សូមបញ្ជាក់ថា នៅថ្ងៃទី៥ ខែមីនានេះ មានភ្ញៀវមកពីស្ថានទូតអូស្រ្តាលី និងក្រុមហ៊ុនឯកជនអូស្រ្តាលី និងភ្ញៀវមកពីសភាពាណិជ្ជកម្មអាម៉េរិក/បារាំង និងអឺរ៉ុប សរុបចំនួនជាង១៥០ នាក់ បានអញ្ជើញទស្សនា និងពិនិត្យវឌ្ឍនភាព ព្រលានយន្តហោះអន្តរជាតិតេជោ ដែលគ្រោងនឹងសម្ពោធដាក់ ឱ្យដំណើរការជាផ្លូវការ នាខែកក្កដាខាងមុខនេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕







