ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតី “ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥”

ភ្នំពេញ៖ សម្តេច​ធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងឱកាស “ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥” និងសំណេះសំណាល​ ជាមួយសិល្បករសិល្បការិនីទូទាំងប្រទេស លើកទី៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។

ពិធីជួបជុំនៅពេលនេះ គឺជាការចូលរួមពីគ្រប់សមាសភាពនៃសង្គម​ជាតិ រួមមានតំណាងក្រសួងស្ថាប័ន ដែលពាក់ព័ន្ធនិងវិស័យវប្បធម៌ថា្នក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាតំណាង​សហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) តំណាងអង្គការ សមាគមសិល្បៈវប្បធម៌ ព្រឹទ្ធាចារ្យមរតកមនុស្សរស់ វីរសិល្បករ​សិល្បការិនី ផ្នែកសូនរូប របាំ ល្ខោន ភ្លេង និពន្ធ និងអ្នកដឹកនាំរឿង ក្រុមសិល្បៈផ្នែកទស្សនីយ​ភាព ក្រុមសិល្បៈសហគមន៍ ដោយរាប់បញ្ចូលទាំងក្រុមសិល្បៈ និងក្រុមយីកេជនជាតិដើមភាគតិចផងដែរ។

ដោយឡែក សិល្បករ​​វិស័យឯកជន មានដូចជាផ្នែកសូនរូប អ្នកនិពន្ធ បណ្ណារក្ស អ្នកអក្សរសាស្ត្រអក្សរសិល៍្ប អង្គការ-សមាគម ដែលជាជ័យលាភីប្រឡង ​ម្ហូប​អាហារ ខ្លែងខ្មែរ សិប្បករជំនាញ តំណាងសាលាគុនល្បុក្កតោ សិល្បករក្រៅប្រព័ន្ធគ្រប់ទម្រង់ ដែលមានផលិតករភាពយន្ត អ្នកនិពន្ធរឿង អ្នកថត សិល្បករសម្តែង អ្នកបញ្ចូលសំឡេង ពិធីករ ពិធីការិនី តំណាងក្លិបអ្នកកាសែត​កម្ពុជា បុគ្គលដែលមានឥទ្ធិពល ក្នុងបណ្តាញសង្គម ព្រមទាំងនិស្សិតជ័យលាភី ប្រឡងគំនូរផ្សាយទិវាវប្បធម៌។

សិល្បករគ្រប់រូប បានរួមចំណែកយ៉ាងសកម្ម ក្នុងការបង្កើតនិងផ្សព្វផ្សាយ នូវសិល្បៈវប្បធម៌របស់ជាតិ ទៅកាន់សហគមន៍ខ្មែរ និងមិត្តភក្តិបរទេសនានា ដែលជាការនាំយកវប្បធម៌ជាដួងព្រលឹងជាតិ ទៅគ្រប់ទីតាំងដែលបងប្អូនខ្មែរកំពុងរស់នៅ ក្នុងសកលលោក ធ្វើឱ្យសមាសភាពអ្នកចូលរួម ក្នុងឱកាសនេះ មានចំនួន៤៥៨៩នាក់៕

To Top