កំពង់ធំ ៖ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ពិធីបើកវគ្កហ្វឹកហ្វឺនសណ្ដាប់ធ្នាប់ជួរទ័ពដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកំពង់ធំប្រចាំឆមាសទី១ ឆ្នាំ២០២៥។

ក្នុងពិធីបើកវគ្កហ្វឹកហ្វឺន សណ្ដាប់ធ្នាប់ជួរទ័ព មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី មេបញ្ជាការរងខេត្ត លោកនាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរទាំង៧ នាយការិយាល័យ មេបញ្ជាការកងរាជអាវុធហត្ថខេត្តមូលដ្ឋានក្រុង/ស្រុកទាំង៩ និងមេបញ្ជាការកងអនុសេនាធំចល័ត ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ដែលជាសិក្ខាកាមចូលរួមចំនួន១១១នាក់ (នារី០២នាក់) ការហ្វឹកហាត់ចំនួន៧៧ថ្ងៃ គឺចាប់ពីថ្ងៃទី០៣ខែមីនា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ហ្វឹកហាត់នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដាក់បទបញ្ជាយ៉ាងមឺងម៉ាត់ដល់គ្រូយោធាចារ្យ គ្រូបង្គោល គ្រូបង្វឹក ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ខំប្រឹងហ្វឹកហាត់ បង្ហាត់បង្រៀន ដល់នាយទាហាន នាយទាហានរង និងពលទាហាន ជាសិក្ខាកាមឱ្យទទួលបាននូវលទ្ធផលល្អ ស្របតាមការជឿទុកចិត្តរបស់ថ្នាក់លើប្រគល់ជូន។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានបន្តទៀតថា សិក្ខាកាមត្រូវតែយកចិត្តទុកដាក់ខ្ពស់ទៅគ្រប់មុខវិជ្ជាទាំងអស់ ដែលគ្រូបង្វឹក ហ្វឹកហាត់ ដល់យោធិន គ្រប់រូប ចំណេះវិជ្ជាផ្សេងៗទៀតដែលដាក់ចេញសម្រាប់ហ្វឹកហាត់។ សូមគោរពវិន័យ គោរពបទបញ្ជាផ្ទៃក្នុង របស់អង្គភាពកងរាជអាវុធហត្ថ គីជារឿងល្អ ចំពោះយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ គោរពវិន័យបានល្អ និងចេះសាមគ្គីភាពគ្នា ។

បន្ថែមលើនោះលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានឱ្យជំនាញគ្រប់ផ្នែកយកចិត្តទុកដាក់ ទៅលើការស្នាក់នៅ ការហូបចុករបស់នាយទាហាន នាយទាហានរង និងពលទាហាន ដែលជាសិក្ខាកាម ត្រូវមានអនាម័យស្អាតជានិច្ច។ សូមផ្ដាំផ្ញើ និងជូនពរដល់នាយទាហាន នាយទាហានរង និងពលទាហានអាវុធហត្ថទាំងអស់ ក្នុងការហ្វឹកហាត់ទទួលជោគជ័យ ទទួលបានបានចំណេះជំនាញ និងមានសុខភាពល្អ សម្រាប់ជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់បម្រើប្រទេសជាតិទាំងមូល ៕ ដោយសំនៀង
