ព័ត៌មានជាតិ

សម្ដេចបវរធិបតី ប្រាប់អ្នកចម្រៀងរ៉េបថា មិនត្រូវប្រើពាក្យជេរប្រមាថ ដូចបរទេសនោះទេ ត្រូវរក្សាភាពថ្លៃថ្នូរ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកចម្រៀងរ៉េបថា មិនត្រូវរ៉េបដោយប្រើប្រាស់ពាក្យជេរប្រមាថ ដូចបរទេសអាមេរិកនោះទេ គឺត្រូវរក្សាភាពថ្លៃថ្នូរ របស់ខ្មែរ។

នាឱកាសអញ្ជើញជាអធិបតីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ និងសំណេះសំណាល ពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនី នាល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យបញ្ចប់«បទចម្រៀងរ៉េប»បែបជេរ ប្រមាថគ្នា ដោយរក្សាភាពថ្លៃថ្នូរ ក៏ល្បីដែរ។

សម្ដេចបវរធិបតី មានប្រសាសន៍ថា «មិចចាំបាច់ថា រ៉េប ទាល់តែជេរដូចអាមេរិក បានល្បីនោះទេ រក្សាភាពថ្លៃថ្នូរគោរពគ្នាក៏ល្បីដែរ។ ប្អូនៗ ខ្ញុំ ឃើញគាត់ល្បី ហើយគាត់ល្បីតាំងពីមុនគាត់តែបទមានពាក្យជេរ ចឹងបើសិនជាយើង ធ្វើហើយ ជោគជ័យហើយ ដោយភាពថ្លៃថ្នូរ រក្សាវប្បធម៌របស់យើងបានល្បីហើយ យើងមិនចាំបាច់ចម្លងពីគេនោះទេ»។

សម្ដេចបវរធិបតី បន្ដថា ក្រុមអ្នកចម្រៀងរ៉េប ក៏ត្រូវរួមគ្នាថែរក្សាអត្តសញ្ញារបស់ជាតិខ្មែរ ហើយត្រូវអភិវឌ្ឍតាមបែបបទខ្មែរ ។ សម្ដេច សង្ឃឹមថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងជួយណែនាំដល់អ្នកចម្រៀងរ៉េប ហើយកុំរំពឹងទៅលើតែក្រសួងស្ថាប័ន គឺត្រូវរួមគ្នា។

លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី បានថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានចេញមកជួយឈឺឆ្អាល ចំពោះការលើសលួសអ្វីមួយនៅតាមបណ្ដាញសង្គមផងដែរ៕

To Top