ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. បានលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយ បានទូលំទូលាយនូវសកម្មភាពនានា នៃការអនុវត្តការងារ របស់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ ក្នុងគោលដៅ បង្កើនការផ្សព្វផ្សាយឧត្តមានុវត្តន៍ និងនវានុវត្តន៍ នៃការផ្តល់សេវា និងគុណតម្លៃនៃមន្ត្រីអប់រំ និងសុខាភិបាលមូលដ្ឋាន។
ក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៤ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៥ នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងថា «លើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយនូវសកម្មភាពនានា នៃការអនុវត្តការងាររបស់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ ក្នុងគោលដៅ បង្កើនការផ្សព្វផ្សាយឧត្តមានុវត្តន៍ និងនវានុវត្តន៍ នៃការផ្តល់សេវារបស់អង្គភាពជ័យលាភី និងគុណតម្លៃនៃមន្ត្រីអប់រំ និងសុខាភិបាលមូលដ្ឋាន។ ការចូលរួមផ្សព្វផ្សាយនេះ គឺដើម្បីជំរុញទឹកចិត្ត កែលម្អគុណភាពសេវាអប់រំ និងសុខាភិបាលមូលដ្ឋាន និងលើកកម្ពស់កិត្យានុភាព ឧត្តមភាព និងគុណតម្លៃនៃមន្ត្រីរាជការ ប្រកបដោយបេះដូង និងឆន្ទៈ»។
ក្រោយបានស្តាប់របាយការណ៍របស់លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.ជ. ដែលបានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីយន្តការ បែបបទ និងនីតិវិធីនៃការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ឆ្នាំ២០២៤ ដែលត្រូវបានអនុវត្តប្រកបដោយសុក្រឹតភាព ចរិតភាព និងការទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់លើដំណើរការវាយតម្លៃ អង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៤។
លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមប្រាប់ដល់បេក្ខភាពទាំងអស់ក្នុងខ្លឹមសារថា រឿងឈ្នះ រឿងចាញ់ ជារឿងដោយឡែក រឿងដែលសំខាន់ គឺលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់អង្គភាពនីមួយៗ ជាពិសេសលើការដឹកនាំ ពោរពេញដោយនវានុវត្តន៍ ទាក់ទាញការចូលរួម និងបង្កើនការផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ រួមទាំងការបំផុសឱ្យមានការ ចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ រួមទាំងសហគមន៍ អាណាព្យាបាល និងកូនក្មួយដែលនៅក្នុងសាលា ឬប្រជាពលរដ្ឋដែលមកទទួលសេវា។
សូមជម្រាបថា ជាលទ្ធផលនៃការវាយតម្លៃ គណៈកម្មការវាយតម្លៃអង្គភាព ផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) ក្នុងឆ្នាំ២០២៤ បានរកឃើញអង្គភាពដែលទទួលជ័យលាភី ជាអង្គភាពគំរូចំណាត់ថ្នាក់លេខ១ ចំនួន២ ក្នុងវិស័យអប់រំ រួមមាន៖ វិទ្យាល័យពេជ្រចិន្តា ខេត្តបាត់ដំបង និងសាលាមត្តេយ្យសិក្សាធនធានោក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងអង្គភាពដែលដែលទទួលជ័យលាភី ជាអង្គភាពគំរូចំណាត់ថ្នាក់លេខ១ ក្នុងវិស័យសុខាភិបាល ចំនួន៣ រួមមាន៖ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម (មន្ទីរបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣), មន្ទីរពេទ្យបង្អែកខេត្តកោះកុង (មន្ទីរបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២) និងមន្ទីរពេទ្យបង្អែកបាកាន (មន្ទីរបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១)។
តាមរយៈលទ្ធផលនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តអង្គភាពផ្តល់សេវាសាធារណៈទាំងអស់ឱ្យបន្តកិច្ចខិតខំប្រឹងប្រែង និងប្រើប្រាស់ធនធានប្រកបដោយនវានុវត្តន៍ និងអស់សក្តានុពល ក្នុងស្មារតីរួមសាមគ្គីគ្នា និងសហការគ្នា ឱ្យកាន់តែជិតស្និទ្ធរវាងថ្នាក់ដឹកនាំអង្គភាពជាមួយមន្ត្រី អាជ្ញាធរមូលដ្ឋាន សហគមន៍ ស្ថាប័នដៃគូអភិវឌ្ឍន៍ និងតួអង្គពាក់ព័ន្ធទាំងអស់ ស្របតាមអភិក្រមនៃការជំរុញ ជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដើម្បីកែលម្អ ពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព គណនេយ្យភាព នៃការគ្រប់គ្រង និងការផ្លាស់ប្តូរនៃការផ្តល់សេវាសាធារណៈ ស្របតាមលក្ខណៈវិនិច្ឆ័យកំណត់នូវក្នុងបុព្វហេតុដ៏ថ្លៃថ្លា ដើម្បីបំពេញសេវាជូនប្រជាជន ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ៕



