ព័ត៌មានជាតិ

បុគ្គលិក និង សិស្សនារី នៃវិទ្យាស្ថានបច្ចេកទេស TVET ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ ផ្ដល់ឱកាសស្មើភាពគ្នា ចំពោះស្រ្តី និងយុវតី ក្នុងការបំពេញការងារ និងសិក្សាជំនាញ TVET

ភ្នំពេញ ៖ បុគ្គលិក និង សិស្សនារី នៃវិទ្យាស្ថានបច្ចេកទេស (TVET) បានលើកឡើថា រាជរដ្ឋាភិបាល និងក្រសួងការងារ តែងផ្ដល់ឱកាសស្មើភាពគ្នា និងបង្កលក្ខណៈងាយស្រួលឱ្យស្ត្រី ក៏ដូចជាយុវតីគ្រប់រូបក្នុងការសិក្សាជំនាញ TVET និងបំពេញការងារក្នុងវិស័យនានា។ ជាពិសេស ចំនួនស្ត្រីក្នុងតួនាទីដឹកនាំគ្រប់កម្រិត ក៏មានចំនួនកាន់តែច្រើនឡើងផងដែរ ។

លោកស្រី នេត ស្រីពេជ្រ ជាប្រធានការិយាល័យស្ដីទី នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានលើកឡើងថា រាជរដ្ឋាភិបាល និងក្រសួងការងារ តែងផ្ដល់ឱកាស និងលើកទឹកចិត្ត ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប ក្នុងការសិក្សាចាប់យកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីទទួលបានឱកាសចូលរួម បំពេញការងារក្នុងវិស័យនានា ដែលទីផ្សារការងារកំពុងត្រូវការ ។

ជាមួយគ្នានេះដែរ លោកស្រី អ៊ី ស្រីពៅ ប្រធានការិយាល័យសេវាកម្ម និងផលិតកម្ម នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ក៏បានលើកឡើងផងដែរថា តាមការសង្កេត របស់លោកស្រីផ្ទាល់ សព្វថ្ងៃនេះស្ត្រីគឺត្រូវបានផ្ដល់សិទ្ធិជាអាទិភាពជានិច្ច មិនថាក្នុងសង្គមការងារ ឬសង្គមគ្រួសារ ពោលគឺពួកគាត់ ទទួលបាននូវការយកចិត្តទុកដាក់ និងលើកកម្ពស់។ លោកស្រីបន្តថា នៅកន្លែងបំពេញការងារ លោកស្រីទទួលបានសិទ្ធិ និងសមភាពពេញលេញ រួមនិងមានឱកាសទទួលបានតួនាទី មុខតំណែងជាអ្នកដឹកនាំ ដោយស្មើភាពភាពគ្នាអាស្រ័យ លើសមត្ថភាពជាក់ស្តែង។

ទន្ទឹមនេះ ក្រុមសិស្សនារីៗ នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ក៏សូមអរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជិវៈ ដែលមានយន្តការវិជ្ជមាន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដោយបានបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូប អាចចូលរួមសិស្សារៀន សូត្រដោយពេញលេញ មានសមត្ថភាពគ្រប់គ្រាន់ ដែលអាចចូលរួមបំពេញការងារ ប្រកបរបររកស៊ី និងមានសិទ្ធិអាទិភាពក្នុងការរួមចំណែកជួយគ្រួសារ និងសង្គមជាតិ ។

ឆ្លៀតក្នុងឱកាសនេះផងដែរ បុគ្គលិក និង សិស្សនារីៗនៃវិទ្យាស្ថានបច្ចេកទេស (TVET) ក៏បានចូលរួមអបអរសាទរខួបលើកទី១១៤ នៃទិវាអន្ដរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ដែលលើកឡើងនូវប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគប់រូប” ផងដែរ ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងបន្តជំរុញ យកចិត្តទុកដាក់ឱ្យមានចរន្ត យ៉ាងសកម្មនៃស្ត្រីក្នុងការចូលរួមយ៉ាងសំខាន់ក្នុងវិស័យសាធារណៈ វិស័យការងារ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិស័យសង្គមនានា ដែលជាកត្តា ចូលរួមចំណែកក្នុងសកម្មភាពសម្រាប់ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។ ទន្ទឹមនេះដែរ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាល វិជ្ជាជីវៈ ក៏បានថ្លែងថា សមភាពរវាងបុរស និងស្ត្រី គឺជាកិច្ចការស្នូល នៃគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា នៅគ្រប់នីតិកាល ពោលគឺ សម្ដេចតេជោ និងសម្ដេចធិបតី តែងតែគិតគូរផ្តល់តម្លៃ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ស្ត្រី ដោយការផ្តល់ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប”៕

To Top