ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ប្រទេសចិន​ចាត់វិធានការប្រឆាំង​​​ ភាពរើសអើងជាលើកដំបូង លើទូទាំងពិភពលោក ដើម្បីតបតវិញយ៉ាងខ្លាំងក្លា ចំពោះកាណាដា

នៅថ្ងៃទី ​៨ ​ខែមីនា ​ប្រទេសចិន​បាន​ប្រកាស​ លទ្ធផល​ស៊ើបអង្កេត​ ស្តីពី​ការ​ប្រឆាំង​ភាព​រើស​អើង​ចំពោះ​ប្រទេសកាណាដា​ដោយ​បង្ហាញថា ​ទង្វើ​ដំឡើង​ពន្ធគយ​ របស់​ប្រទេស​កា​ណា​ដា​ ចំពោះ​រថយន្តអគ្គិសនី ​ផលិតផលដែកថែបនិងអាលុយមីញ៉ូម​ពាក់ព័ន្ធ​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន ​កាលពីឆ្នាំមុន​បាន​បង្កជា​ ការ​ដាក់កំហិតប្រកប ដោយ​ភាពរើសអើង​ចំពោះ​ប្រទេស​ចិន​ដែល​បាន​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ ពាណិជ្ជកម្មជាប្រក្រតី ​បំផ្លាញដល់​សិទ្ធិ​និង​ផលប្រយោជន៍​ ស្របច្បាប់​របស់​សហគ្រាស​ចិន ​។ ​យោងទៅ​លើ​លទ្ធផល​ស៊ើបអង្កេត​មួយ​នេះ ​ប្រទេសចិន​ បាន​ដំឡើងពន្ធគយ​លើ​ផលិតផល​ ដែល​នាំចូល​ពី​កាណាដា​មួយចំនួន​តាម​ផ្លូវ​ច្បាប់ ​។

កាលពីខែសីហា ​ឆ្នាំ ​២០២៤ ​រដ្ឋាភិបាលកាណាដា បានប្រកាស​ដំឡើងពន្ធគយ ​១០០ ​ភាគ​រយ​លើ​រថយន្តអគ្គិសនី​របស់ចិន​ចាប់ពីថ្ងៃទី ​១ ​ខែតុលា ​ឆ្នាំ ​២០២៤ ​តទៅ​និង​ដំឡើង ពន្ធគយ ​២៥ ​ភាគរយ​លើ​ផលិតផលដែកថែប​និងអាលុយមីញ៉ូម របស់ចិន​ចាប់ពី​ថ្ងៃ​ទី ​២២ ​ខែតុលា ​ឆ្នាំ ​២០២៤ ​តទៅ ​។ ​អ្នកវិភាគបានលើកឡើងថា ​ការដំឡើងពន្ធគយដោយ​ឯកតោ​ភាគី​របស់កាណាដា​ មិនអើពើ​នឹង​ការ ពិតជាក់ស្តែង​និងច្បាប់កំណត់​ នៃអង្គការ​ពាណិជ្ជកម្ម​ ពិភពលោក ​វាគឺជា​ទង្វើ​គំាពារនិយមផ្នែក ពាណិជ្ជកម្ម​សុទ្ធសាធ​ដែលបាន​បង្ក​ជា​វិធានការប្រកបដោយភាពរើសអើងចំពោះប្រទេសចិន ​បានរំលោភយ៉ាងធ្ងន់ធ្ងរ​លើ​សិទ្ធិ​និង​ផល ប្រយោជន៍ស្របច្បាប់របស់ចិន ​ក៏ដូចជាបំផ្លាញដល់ទំនាក់ទំនងសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ចិន-កាណាដា ​។

ផ្ទុយទៅវិញ ​ការ​ស៊ើបអង្កេត​ប្រឆាំង​ភាព​ រើស​អើង​របស់​ប្រទេសចិន ​គឺ ​ធ្វើឡើង​ស្រប ​តាម​ច្បាប់​និង​បទប្បញ្ញត្តិ ​។ ​បើមើលពីក្បួនច្បាប់អន្តរជាតិអាចឃើញថា ​ចិន​និងកាណាដា ​សុទ្ធតែ​ជា​សមាជិក​អង្គការ ពាណិជ្ជកម្មពិភពលោក ​កាណាដា​ដំឡើង​ពន្ធគយ​ដោយផ្ទាល់ ​ចំពោះ​ផលិតផល​ពាក់ព័ន្ធ ​ដែល​នាំចូលពីប្រទេសចិន​ វា​បានល្មើសនឹង​ក្បូន​ច្បាប់​ពាក់ព័ន្ធ​ដូច​ជា ​”គោលការណ៍មិនរើសអើង”​ ជាដើម​របស់​អង្គការ ពាណិជ្ជកម្ម ពិភពលោក ​ហើយ​ភាគី​ចិន ​បាន​ចាប់ដំណើរការ​ការស៊ើបអង្កេត ​គឺជា​ការគាំពារ យ៉ាងខ្លាំងក្លា ​ចំពោះ​ក្បូន​ច្បាប់​ របស់​អង្គការ​ពាណិជ្ជកម្ម ពិភពលោក ​។

ដូច​លទ្ធផល​ស៊ើបអង្កេត​របស់ប្រទេសចិន​ដែល​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ​ប្រទេស​កា​ណា​ដា​បាន​ដំឡើង​ពន្ធគយ​លើ​ផលិតផល​ពាក់ព័ន្ធ​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន​កាលពីឆ្នាំមុន​ដែល​បាន​ប៉ះ​ពាល់​ដល់​សណ្តាប់ធ្នាប់ពាណិជ្ជកម្ម​ជាប្រក្រតី​និង​បំផ្លាញដល់​សិទ្ធិ​និង​ផល​ប្រយោជន៍​ស្របច្បាប់​របស់​សហគ្រាស​ចិន ​។ ​ទិន្នន័យបានបង្ហាញថា ​បន្ទាប់ពី​កាណាដា​បាន​ដំឡើង​ពន្ធគយ​ចំពោះ​ប្រទេសចិន ​ការនាំចេញ​រថយន្តអគ្គិសនី​របស់ចិន​ទៅ​កាន់​កា​ណា​ដា​បានធ្លាក់ចុះ ​៩៩ ​ភាគរយ ​។ ​លើសពីនេះទៅទៀត ​ផលិតផល​ដែក​ថែប​និង​អាលុយ​មីញ៉ូម​ព្រមទាំង​មុខរបរ​ពាក់ព័ន្ធ​ផ្សេងទៀត​ក៏ត្រូវ​បានរងផលប៉ះពាល់​ក្នុង​កម្រិតទីទៃគ្នាផង​ដែរ ​។ ​នេះហើយក៏ជាមូលហេតុដែល​បន្ទាប់ពី​លទ្ធផល​ស៊ើបអង្កេត​ប្រឆាំង​ភាព​រើស​អើង​របស់​ប្រទេសចិន​ត្រូវបានចេញផ្សាយ ​សមាគម​ចំនួន ​៦ ​ដូច​ជា​សមាគមន៍ឧស្សាហកម្ម​រថយន្ត​ចិន​បាន​សម្តែង​ការគាំទ្រយ៉ាងមុតមាំ​ចំពោះ​ការកាត់ក្តី​នៃ​ការ​ស៊ើបអង្កេត​ប្រឆាំង​ភាព​រើស​អើង​ចំពោះ​ប្រទេសកាណាដា ​។

យោងទៅលើ​លទ្ធផល​ស៊ើបអង្កេត​ប្រឆាំង​ភាព​រើស​អើង ​ប្រទេសចិនបាន​ប្រកាស​នា​ថ្ងៃ​ដដែល​ថា ​ចាប់ពីថ្ងៃទី ​២០ ​ខែមីនា ​ឆ្នាំ ​២០២៥ ​តទៅ ​ចិន​នឹង​ដំឡើងពន្ធគយ ​១០០ ​ភាគរយ​លើ​ប្រេងកាណូឡា ​នំធ្វើពីម្សៅ​និងសណ្តែងបារាំង​ដែល​មានប្រភពដើម​នៅ​ប្រទេស​កាណាដា ​ហើយ​ដំឡើងពន្ធគយ ​២៥ ​ភាគរយ​លើ​ជលផល​និង​សាច់ជ្រូក​ដែល​មាន​ប្រភព​ដើម​នៅប្រទេសកាណាដា ​។

នាពេល​បច្ចុប្បន្ន​នេះ ​រដ្ឋាភិបាល​អាមេរិក​កំពុង​បំផុស ​សង្រ្គាម​ពាណិជ្ជកម្ម​នៅទូទាំង​ពិភព​លោក ​។ ​ប្រសិនបើ​កាណាដា​ចង់​ធ្វើតាម​សហរដ្ឋអាមេរិក ​នោះ​នឹង​គ្មានលទ្ធផល​ល្អ​នោះ​ទេ ​ប្រសិនបើ​កាណាដា​ ប្រកាន់អាកប្បកិរិយា​ក្រអឺតក្រអោង​ដោយមិនសមហេតុផល​ ចំពោះ​ចិន ​នោះ​មុខ​ជា​នឹង​ ទទួល​ការធ្វើពហិការ​យ៉ាង​ដាច់ខាត​ជាមិនខាន ​។ ​ភាគីចិនមានតែឆ្លើយ​តប​ដោយ​ពាក្យ​សម្តី​មួយម៉ាត់ថា ​ចិនមិនដែល​បង្ករឿង​ឡើយ ​ហើយក៏មិនខ្លាចការបង្ករឿង​ដែរ ​។ ​ប្រទេសចិន​នឹង​គាំពារ​យ៉ាងម៉ឺងម៉ាត់​នូវ​ផលប្រយោជន៍​ និង​សិទ្ធិ​អភិវឌ្ឍន៍​របស់​ប្រទេស​ជាតិ ​ក៏ដូចជា​គាំពារ​យ៉ាងម៉ឺងម៉ាត់ ​នូវ​ក្បួន​ច្បាប់​របស់​អង្គការពាណិជ្ជកម្មពិភព​លោក​ និង​ប្រព័ន្ធ​ពាណិជ្ជកម្មពហុភាគី ​ចិន​មុខជា​នឹងអនុវត្ត តាមពាក្យសន្យារបស់ខ្លួន​យ៉ាង​ដាច់​ខាត​ជាក់​ជា​មិនខាន ​៕

To Top