ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល គ្រោងបង្កើតរដ្ឋបាលចំណាកស្រុក សម្រាប់ការផ្លាស់ប្តូរទីតាំងពលរដ្ឋហ្គាហ្សា

RT News

យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich បានឲ្យដឹងថា អ៊ីស្រាអែល កំពុងធ្វើការដើម្បីបង្កើត “រដ្ឋបាលចំណាកស្រុក” ដើម្បីជំរុញការផ្លាស់ទីលំនៅ របស់ប្រជាជនប៉ាឡេស្ទីន ចេញពីតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Smotrich ដែលជាមេដឹកនាំស្តាំនិយមជ្រុល និងជាដៃគូដ៏សំខាន់នៅក្នុងក្រុមចម្រុះគ្រប់គ្រង របស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេល សន្និសីទនៅឯសភាដែលរៀបចំដោយ “Land of Israel Caucus” ដែលជាក្រុមបញ្ចុះបញ្ចូលអ្នកតាំងលំនៅ ដែលគាំទ្រ។

នៅក្នុងសន្និសិទនេះ លោក Smotrich បានពិភាក្សាអំពីផែនការ “Gaza Riviera” របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលរួមមានការកាន់កាប់តំបន់ហ្គាហ្សា របស់សហរដ្ឋអាមេរិក ការផ្លាស់ទីលំនៅរបស់អ្នកស្រុក និងការផ្លាស់ប្តូររបស់វាទៅជាតំបន់មជ្ឈិមបូព៌ា “Riviera”។ ទោះបីជាផែនការដ៏ចម្រូងចម្រាសនេះ ដែលត្រូវបានស្នើឡើងនៅដើមខែកុម្ភៈ ត្រូវបានជួបជាមួយនឹងការរិះគន់យ៉ាងទូលំទូលាយក៏ដោយ ក៏លោក ណេតាន់យ៉ាហ៊ូ និងរដ្ឋមន្ត្រីអ៊ីស្រាអែលផ្សេងទៀត បានសម្តែងការគាំទ្រចំពោះវា។

លោក Smotrich បានលើកឡើងថា “ការត្រៀមរៀបចំកំពុងដំណើរការ ដើម្បីបង្កើតអាជ្ញាធរចំណាកស្រុក នៅក្នុងក្រសួងការពារជាតិ” ។ លោកបានបន្ថែមថា “គ្រាន់តែដើម្បីបង្ហាញពីទំហំ ប្រសិនបើយើងដកមនុស្ស ១ម៉ឺននាក់ក្នុងមួយថ្ងៃ វានឹងចំណាយពេលប្រហែល ៦ខែ” ដើម្បីផ្លាស់ប្តូរទីតាំងប្រជាជនទាំងមូលរបស់តំបន់ហ្គាហ្សា ដែលមានប្រហែល ២ លាននាក់។

លោកបានកត់សម្គាល់ថាមាន “ការសម្របសម្រួលបន្តជាមួយរដ្ឋបាលសហរដ្ឋអាមេរិក ដើម្បីកំណត់អត្តសញ្ញាណប្រទេស” ដែលពលរដ្ឋហ្គាហ្សា នឹងធ្វើចំណាកស្រុក។ ផែនការរបស់លោក ត្រាំ ត្រូវបានច្រានចោលយ៉ាងទូលំទូលាយ ដោយបណ្តាប្រទេសក្នុងតំបន់ និងលើសពីនេះ។ ដើម្បីប្រឆាំងនឹងគំនិតនេះ មេដឹកនាំអារ៉ាប់ បានអនុម័តនូវផែនការកសាងតំបន់ហ្គាហ្សា ដែលព្រាងដោយអេហ្ស៊ីប ដែលមានតម្លៃ ៥៣ ពាន់លានដុល្លារអាមេរិក ដែលមានបំណងកសាងតំបន់ហ្គាហ្សាឡើងវិញ ដោយមិនមានការជម្លៀសប្រជាជនរបស់ខ្លួន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top