
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្រសួង បានពង្រឹងការបង្រៀនអំណាន នៅកម្រិតថ្នាក់ដំបូង នៅបឋមសិក្សា ដោយសហការជាមួយអង្គការដៃគូ ព្រមទាំងរៀបចំបានជា «កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង»។
ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្ដី ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញចូលរួមក្នុងពិធីប្រារព្ធទិវាជាតិអំណានលើកទី១០ ១១ មីនា ២០២៥ ក្រោមប្រធានបទ «ការអានផ្សារភ្ជាប់ អន្ដរជំនាន់មនុស្សក្នុងសង្គម» ក្រោមអធិបតីភាព សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។
នាឱកាសនោះដែរ លោកឧបនាយករដ្ឋមន្រ្ដី ហង់ជួន ណារ៉ុន បានឱ្យដឹងថា ដើម្បីលើកកម្ពស់ការអាននៅឆ្នាំ២០១៤ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យអនុវត្តឡើងវិញនូវការរៀនតែងសេចក្តី និងការសរសេរ តាមអាននៅតាមគ្រឹះស្ថាន សិក្សាសាធារណៈ។
លោកឧបនាយករដ្ឋមន្រ្ដី គូសបញ្ជាក់ថា «ក្រសួងបានពង្រឹងការបង្រៀនអំណាននៅកម្រិតថ្នាក់ដំបូងនៅបឋមសិក្សា ដោយ សហការជាមួយអង្គការដៃគូ ព្រមទាំងរៀបចំបានជា «កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង» រួមមាន សៀវភៅណែនាំសម្រាប់គ្រូ សៀវភៅជំនួយសិស្ស បណ្ណអក្សរ-រូបភាព សៀវភៅហ្វឹកហាត់ សរសេរ និងសៀវភៅរឿង ៦០ ចំណងជើង»។
លើសពីនេះ ក្រសួង ក៏បានបញ្ចូលការអនុវត្តកញ្ចប់សម្ភារៈ អំណានថ្នាក់ដំបូង និងសម្ភារៈគណិតវិទ្យាថ្នាក់ដំបូង ទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន ដែលជាកត្តាចាំបាច់បំផុត សម្រាប់លើកកម្ពស់គុណវុឌ្ឍគ្រូបង្រៀន។ ក្រសួង បាននិងកំពុងបន្ត ធ្វើការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈជូនលោកគ្រូ អ្នកគ្រូ តាមរយៈការពង្រឹង សមត្ថភាពគ្រូបង្រៀន ថ្នាក់ទី១ ទី២ និងទី៣ ដោយមានកម្មវិធីបំប៉នច្បាស់លាស់ សម្ភារឧបទេសសម្បូរបែប និង គ្រូឧទ្ទេសប្រកប ដោយសមត្ថភាព និងបំណិនវិជ្ជាជីវៈខ្ពស់ ដើម្បីធានាថា សិស្សានុសិស្ស គ្រប់រូប មានមូលដ្ឋានគ្រឹះរឹងមាំ ក្នុងការឈានទៅសម្រេចបាន ជោគជ័យការសិក្សានៅថ្នាក់បន្តបន្ទាប់ទៀត៕
