ព័ត៌មានអន្តរជាតិ

តារាសម្តែងប្រុសម្នាក់របស់ទូរទស្សន៍ TVB ប្រកាសក្ស័យធនជាមួយនឹងបំណុល ៣៦ម៉ឺនដុល្លារ

Photo from Wong's Instagram

បរទេស៖ យោងតាមកាសែត The Star បានផ្សាយថា លោក Wong ដែលជាតារាសម្តែង បានអវត្តមានពីសវនាការនៅថ្ងៃទី ៣ ខែមីនា នៅពេលដែលចៅក្រមបានចេញដីកាកោះហៅ រឿងការប្រកាសក្ស័យធន។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Wong បានដាក់ពាក្យសុំក្ស័យធនកាលពីខែធ្នូឆ្នាំមុន បន្ទាប់ពីត្រូវបានប្តឹងដោយក្រុមហ៊ុនឥណទាន។ នៅពេលនោះ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេ ដោយបញ្ជាក់ថា ករណីនេះស្ថិតក្រោមការចាត់ការតាមផ្លូវច្បាប់។ ថ្វីបើស្ថិតក្នុងដំណើរថយក្រោយក៏ដោយ លោកនៅតែមានសុទិដ្ឋិនិយម ដោយប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំនឹងបន្តប្រឈមមុខនឹងវាដោយភាពវិជ្ជមាន និងកម្លាំង”។

ក្នុងវ័យ ៥៤ឆ្នាំ លោក Wong ត្រូវបានគេស្គាល់យ៉ាងច្បាស់សម្រាប់តួនាទី របស់លោកនៅក្នុងរឿងភាគរបស់ទូរទស្សន៍ TVB គឺរឿង “Life For Life” “Healing Hands II” និង រឿង “Hidden Treasures” ។

ក្រៅពីអាជីពកម្សាន្ត លោក Wong ក៏សកម្មក្នុងមុខជំនួញផងដែរ។ ពីមុនលោកធ្លាប់ធ្វើជាប្រធានមន្ទីរពេទ្យ Tung Wah Group និងកាន់កាប់ភាគហ៊ុន ២៨ភាគរយ នៅក្នុងអាជីវកម្មគ្រួសាររបស់លោក នោះគឺ WKK Distribution Limited ដែលបង្កើតឡើងដោយជីតារបស់លោក គឺ Wong Sha Shan ។ អាជីវកម្មនេះត្រូវបានគេរាយការណ៍ថា មានតម្លៃប្រហែល ៧០ លានដុល្លារហុងកុង។

ទ្រព្យសម្បត្តិរបស់គ្រួសារលោក ត្រូវបានគេប៉ាន់ស្មានថា មានចំនួន ៣ ពាន់លានដុល្លារហុងកុង ហើយលោកត្រូវបានគេរាយការណ៍ថា រស់នៅក្នុងអចលនទ្រព្យដែលមានតម្លៃ ២៣,២៩ លានដុល្លារហុងកុងនៅក្នុងសង្កាត់ Tai Kok Tsui របស់ហុងកុង។ ទោះជាយ៉ាងណាក៏ដោយ ទ្រព្យសម្បត្តិទាំងនេះភាគច្រើនមិនមែនតែ នៅក្នុងឈ្មោះរបស់លោកនោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top