ភ្នំពេញ ៖ សហជីពនៅកម្ពុជា សំដែងការគាំទ្រ ចំពោះរាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់ លើយន្តការបង្កើតទារកដ្ឋាន នៅតាមបណ្តារោងចក្រ សហគ្រាស ។ ទន្ទឹមនឹងនេះ សហជីពវាយតម្លៃខ្ពស់ លើការអនុវត្តជាក់ស្តែង ពីគ្រប់ភាគីពាក់ព័ន្ធ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងនិយោជក ដែលបានធ្វើការជាមួយគ្នា រហូតដាក់សម្ពោធឱ្យប្រើប្រាស់ទារកដ្ឋាន សម្រាប់កម្មករជាបណ្តើរៗ ហើយនៅដើមឆ្នាំ២០២៥។

លោក គង់ អាទិត្យ ប្រធានសហភាព ការងារកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមជាមេដឹកនាំសហជីព សូមស្វាគមន៍នូវយន្តការ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញគោលនយោបាយ ដែលមានភាពច្បាស់លាស់ លើការបង្កើតទារកដ្ឋាន នៅតាមបណ្តារោងចក្រសហគ្រាស ។ លោកវាយតម្លៃខ្ពស់ ចំពោះការបានអនុវត្តជាក់ស្តែង ដោយរាជរដ្ឋាភិបាល បានដាក់ឱ្យប្រើប្រាស់ទារកដ្ឋាន សម្រាប់កម្មករនិយោជិតនៅរោងចក្រកាត់ដេរ ម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ នាពេលថ្មីៗនេះ ។

ប្រធានសហភាពការងារ កម្ពុជារូបនេះបន្ថែមថា ក្នុងនាមសហជីពលើកទឹកចិត្តឱ្យទារកដ្ឋានទាំងអស់ បន្តពង្រឹងការថែទាំកុមារ សុខភាពកុមារ និងការអប់រំឱ្យបានល្អ ដើម្បីសុវត្ថិភាពអំឡុងពេលទារក ស្ថិតក្រោមការមើលថែទាំនៅក្នុងទារកដ្ឋាន ។ ទន្ទឹមនឹងនេះ ភាគីពាក់ព័ន្ធគួរបន្តពិនិត្យ និងតាមដានការអនុវត្តឱ្យបានហ្មតចត់លើទារកដ្ឋាន ដែលដាក់ឱ្យដំណើរការ ដើម្បីកុំឱ្យមានការខ្វះចន្លោះលើកត្តាថែទាំណាមួយកើតឡើង ធ្វើឱ្យប៉ះពាល់ទារក ។

ដោយឡែក លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា បានបង្ហាញការគាំទ្រលើយន្តការ របស់រាជរដ្ឋាភិបាលក្នុងការសាង សាងទារកដ្ឋាន និង បានលើកឡើងថា ការសាងសង់ទារកដ្ឋាន នៅតាមបណ្តារោងចក្រ សហគ្រាស ក៏ដូចជាតំបន់រោងចក្រនោះគឺ ផ្តល់គុណ ប្រយោជន៍ជាច្រើន ជាពិសេសបងប្អូនកម្មករនិយោជិត ។ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជារូបនេះ បន្ថែមថា ក្នុងនាមជាអ្នកតំណាង កម្មករនិយោជិតមានការវាយតម្លៃខ្ពស់ លើការដាក់ឱ្យប្រើប្រាស់ទារកដ្ឋាន នៅតាមរោងចក្រ សហគ្រាស នាពេលថ្មីៗនេះ ដើម្បីជាឧត្តមប្រយោជន៍ និងបង្កភាពងាយស្រួលដល់កម្មករនិយោជិត។ បងប្អូនកម្មករនិយោជិតនឹងអាចចំណេញថវិកាមួយចំនួនពីការមើលថែទាំទារក, កម្មករអាចដាក់កូនរបស់ខ្លួន ក្នុងទារកដ្ឋានដែលមានការថែទាំល្អ និងសុវត្ថិភាពផងដែរ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ថ្មីៗនេះបានសម្ពោធដាក់ ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរ ម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ(Royal Group Phnom Penh SEZ) នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ ការសាងសង់ទារកដ្ឋាននេះ គឺជាអនុសាសន៍១ ក្នុងចំណោមអនុសាសន៍ទាំង១០ ដែលសម្តេចធិបតី នាយករដ្ឋមន្រ្តីបានផ្តល់ជូនក្រសួងការងារ និងបណ្តុះបណ្តាលកាលអនុវត្ត កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ដើម្បីក្រសួងការងារ សហការជាមួយភាគីពាក់ព័ន្ធ ក្នុងការសិក្សាលទ្ធភាពបង្កើត ទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ប្រមូលផ្តុំរោងចក្រ ។

គោលបំណង នៃការបង្កើតទារកដ្ឋាន នៅតាមសហគ្រាស គ្រឹះស្ថាន គឺដើម្បីធានាថា ទារកនិងកុមារទាំងនោះទទួល បានការថែទាំនិងអប់រំ ប្រកបដោយគុណភាព និង ស្តង់ដាដែលជួយគាំទ្រការលូតលាស់ និងអភិវឌ្ឍផ្នែករាងកាយ ព្រមទាំងផ្នែកបញ្ញានិងស្មារតី ក៏ដូចជាផ្តល់ពេលវេលា ឱ្យឳពុកម្តាយ ឬអាណាព្យាបាល ដែលជាកម្មករនិយោជិត មានឱកាសធ្វើការងារ ដើម្បីទទួលបានប្រាក់ចំណូល៕











