
បរទេស៖ លោក JP Fabri សេដ្ឋវិទូជនជាតិម៉ាល់តា បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយកាសែតចិនស៊ិនហួឲ្យដឹងថា ពន្ធគយដែលរដ្ឋាភិបាល សហរដ្ឋអាមេរិក គ្រោងនឹងដាក់លើទំនិញ របស់សហភាពអឺរ៉ុប ទំនងជាជំរុញឱ្យមានការ ចំណាយកាន់តែច្រើន សម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់នៅទូទាំងទ្វីបអឺរ៉ុប ។
លោក Fabri បានកត់សម្គាល់ថា ការចំណាយបន្ថែមទាំងនេះ នៅទីបំផុតនឹងត្រូវបញ្ជូនទៅអ្នកប្រើប្រាស់។ លោកបានបន្ថែមថា ដោយសារទំហំតូច របស់ប្រទេសម៉ាល់តា ប្រទេសនេះនឹងជួបប្រទះទាំងផលវិបាកដោយផ្ទាល់ និងដោយប្រយោល ។ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា រដ្ឋបាលរបស់លោកនឹងដាក់ពន្ធ ២៥ ភាគរយលើផលិតផលអឺរ៉ុប រួមទាំងរថយន្តផងដែរ។
លោក Fabri បានលើកឡើងថា “ក្នុងនាមជាសេដ្ឋកិច្ចបើកចំហតូចមួយដែលពឹងផ្អែកយ៉ាងខ្លាំងលើពាណិជ្ជកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ម៉ាល់តាមានភាពរសើបខ្លាំង ចំពោះការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ ផលប៉ះពាល់ភ្លាមៗបំផុតមួយកើតឡើង តាមរយៈការរំខានដល់សង្វាក់ផ្គត់ផ្គង់”។
លោកបានពន្យល់ថា អាជីវកម្មម៉ាល់តា ជាច្រើន ជាពិសេសអ្នកដែលពាក់ព័ន្ធនឹងការផលិត ឱសថ និងការនាំចេញដែល មានតម្លៃខ្ពស់ ពឹងផ្អែកលើសមាសធាតុ និង វត្ថុធាតុដើមពីអ្នកផ្គត់ផ្គង់សកលលោក។ “រាល់ការកើនឡើងនៃការចំណាយ ដោយសារពន្ធលើការនាំចូលទាំងនេះ អាចប្រែក្លាយទៅជាការ ចំណាយផលិតកម្មខ្ពស់ សម្រាប់ក្រុមហ៊ុនក្នុងស្រុក ដោយកាត់បន្ថយការប្រកួតប្រជែង។”
លោកបន្ដថា នៅពេលដែលពន្ធជំរុញថ្លៃ ដើមសម្រាប់អាជីវកម្មនៅអឺរ៉ុប និងលើសពីនេះ អ្នកប្រើប្រាស់ និងក្រុមហ៊ុននៅក្នុង ប្រទេស ម៉ាល់តា អាចនឹងឃើញតម្លៃខ្ពស់សម្រាប់ទំនិញនាំចូល ដោយបន្ថែមថាសម្ពាធ អតិផរណានេះអាចប៉ះ ពាល់ដល់កម្លាំងទិញ និងការចំណាយអាជីវកម្ម ។ Fabri ក៏បានលើកឡើងពីភាព មិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក និងការប្រែប្រួលទីផ្សារហិរញ្ញវត្ថុ ដែលបង្កឡើង ដោយពន្ធគយនេះផងដែរ ។
នៅក្នុងនោះដែរលោកបានព្រមានថា ពន្ធគយនៃទំហំនេះអាចបង្កើតភាព មិនច្បាស់លាស់សេដ្ឋកិច្ចកាន់តែទូលំទូលាយ ធ្វើឱ្យអាជីវកម្មកាន់តែមានការប្រុងប្រយ័ត្នចំពោះការពង្រីក និងការចំណាយ ដោយបន្ថែមថា ការវិនិយោគបរទេស ដែលជាកត្តាជំរុញដ៏សំខាន់ នៃសេដ្ឋកិច្ចរបស់ប្រទេសម៉ាល់តា ក៏អាចរងផលប៉ះពាល់ផងដែរ ប្រសិនបើក្រុមហ៊ុនយល់ ឃើញថា មានហានិភ័យខ្ពស់ក្នុងការ ធ្វើអាជីវកម្មក្នុងសហភាពអឺរ៉ុប ៕
