
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអាមេរិកនិងអ៊ុយក្រែន បានប្រកាសកាលពីថ្ងៃអង្គារ បន្ទាប់ពីកិច្ចចរចានៅប្រទេសអារ៉ាប៊ីសាអូឌីត ថាសហរដ្ឋអាមេរិកនឹងចាប់ផ្តើមជំនួយផ្នែកយោធា និងចារកម្មដល់អ៊ុយក្រែនឡើងវិញ។
ក្នុងពេលជាមួយគ្នានេះ ភាគីទាំងពីរក៏បានយល់ព្រមលើ បទឈប់បាញ់ជាបន្ទាន់ និងបណ្តោះអាសន្នរយៈពេល ៣០ថ្ងៃមួយផងដែរ ជាមួយប្រទេសរុស្ស៊ី។
ក្នុងនោះគេជឿជាក់ថារដ្ឋាភិបាលក្រុងគៀវ ក៏បានយល់ព្រមក្នុងការបញ្ចប់កិច្ចព្រមព្រៀងទូលំទូលាយមួយ ស្តីពីធនធានសំខាន់ៗរបស់អ៊ុយក្រែន ជាមួយទីក្រុងវ៉ាស៊ីនតោន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
សេចក្តីថ្លែងការណ៍រួមបានសរសេរថា អ៊ុយក្រែនបានសម្តែងការត្រៀមខ្លួន ដើម្បីទទួលយកសំណើរបស់សហរដ្ឋអាមេរិក ដើម្បីអនុម័តបទឈប់បាញ់បណ្តោះអាសន្នរយៈពេល ៣០ថ្ងៃជាបន្ទាន់ ដែលអាចបន្តដោយកិច្ចព្រមព្រៀង ទៅវិញទៅមកនៃភាគីនានា និងជាកម្មវត្ថុនៃការទទួលយក និងការអនុវត្តស្របគ្នាដោយសហព័ន្ធរុស្ស៊ី ។ វ៉ាស៊ីនតោនបាននិយាយថា ខ្លួននឹងទាក់ទងសំណើនេះទៅកាន់ភាគីរុស្ស៊ីក្នុងពេលឆាប់ៗ។
មកទល់ពេលនេះ សហរដ្ឋអាមេរិកនឹងលុបចោលការផ្អាកភ្លាមៗ លើការចែករំលែកព័ត៌មានសម្ងាត់ និងបន្តជំនួយសន្តិសុខដល់អ៊ុយក្រែនហើយរដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន និងគៀវក៏បានពិភាក្សាអំពី កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌ឡើងវិញ រួមទាំងការផ្លាស់ប្តូរអ្នកទោសសង្រ្គាមការដោះលែងអ្នកទោសស៊ីវិល និងសកម្មភាពផ្សេងទៀតផងដែរ៕
ប្រែសម្រួល៖ ស៊ុន លី
